បណ្តាញសង្គម

ព្រំ រដ្ឋា បង្ហាញមុខអ្នកផ្ដល់ឱកាស ពេលធ្លាក់ខ្លួនជ្រៅក្នុងវិស័យភាពយន្ដជាង ២ឆ្នាំ

ចាងហ្វាងផលិតកម្ម PR និងជាអតីតារាសម្ដែងស្រីសម្បូរទឹកភ្នែក ព្រំ រដ្ឋា នៅតែឈឺចាប់ពេលនឹកឃើញដល់ដំណើរការផលិតខ្សែភាពយន្ដត្រូវបរាជ័យ។

ថ្ងៃនេះ អ្នកនាងសម្រេចចិត្ដទម្លាយការខាតបង់យ៉ាងសម្បើម រហូតស្ទើរបាត់បង់ជីវិតខ្លួនឯងទៀតផង ក្រោយពីបៀមទុកអស់រយៈពេល ២ឆ្នាំ។ អ្នកនាង ព្រំ រដ្ឋា បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីរំលឹករឿងរ៉ាវថា ក្នុងរយៈពេល ២ឆ្នាំនេះ នាងបាត់បង់ទាំងទ្រព្យសម្បត្ដិ ការងារ និងកេរ្ដិ៍ឈ្មោះ ដោយសារបញ្ហាជំងឺកូវីដ-១៩។

ដ្បិតក្នុងឆ្នាំ២០១៩ ការឆ្លងរាតត្បាត នៃជំងឺផ្លូវដង្ហើមនេះមិនទាន់វាយលុកខ្លាំង ប៉ុន្ដែមនុស្សចាប់ផ្ដើមខ្លបខ្លាចគ្រប់គ្នា ហើយខ្សែភាពយន្ដភាគខ្លះដែលថតជិតចប់ ហើយកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទេស្សន៍ក៏ត្រូវគេផ្ដាច់កុងត្រា ខណៈតួៗក៏ចាប់ផ្ដើមភ័យខ្លាចលែងហានចេញថត។ អ្នកនាង ព្រំ រដ្ឋា៖ “ខ្ញុំតស៊ូធ្វើការងារដែលជាបេះដូងរបស់ខ្ញុំ…ទីបំផុតខ្ញុំត្រូវបាត់បង់ការងារមួយនេះនៅចុងឆ្នាំ២០២១។

ចុះការខាតបង់របស់ខ្ញុំដែលគិតថាចប់កូវីតនឹងប្រឹងប្រែងជាថ្មីនោះ…ខ្ញុំគិតថាមិននិយាយតែពេលនេះខ្ញុំមានអារម្មណ៍ថាហេតុអីពេលដែលយើងស្លូតត្រូវគេធ្វើបាបបែបនេះ”។ បន្ទាប់ពីរៀបរាប់រឿងរ៉ាវឈឺចាប់ក្នុងរឿងខាតបង់ និងការឈឺចាប់ក្នុងវិស័យភាពយន្ដ ព្រំ រដ្ឋា ក៏បានអគុណដល់មនុស្សម្នាក់ គឺកញ្ញា ធីតា ដែលគ្រប់គ្រងកម្មវិធីផ្សាយនៅស្ថានីយទូរទស្សន៍PNN ដែលនៅតែផ្ដល់ឱកាស និងខ្វល់ខ្វាយពីសុខទុក្ខរបស់អ្នកនាងរហូតមក។ អ្នកនាងបន្ថែមថា នៅពេលណាមួយនាង នឹងLive និយាយពីរឿងរ៉ាវក្នុងចិត្ដនេះប្រាប់ដល់មិត្ដសិល្បៈ ព្រមទាំងមហាជនបានដឹង៕

ដកស្រង់ពី៖ Sabay