បណ្តាញសង្គម

ចិនប្រឆាំងដាច់ខាតចំពោះបំរាមលើក្រុមហ៊ុន Huawei ពីសំណាក់មន្ត្រីសហភាពអឺរ៉ុប

(បរទេស)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះបំរាមរបស់បណ្តាប្រទេសសហភាពអឺរ៉ុប (EU) មួយចំនួន លើក្រុមហ៊ុន Huawei ។

គណៈកម្មការអឺរ៉ុបមិនមានមូលដ្ឋានច្បាប់ ឬភស្តុតាងជាក់ស្តែងដើម្បីហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ការឆ្លើយតបនេះក្រោយពីមន្រ្តីកំពូលសហភាពអឺរ៉ុបលោក Thierry Breton បានអំពាវនាវឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបបន្ថែមទៀតចូលរួមជាមួយប្រទេសទំាំង១០ ដែលបានរឹតបន្តឹង និងហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei និង ZTE ពីបណ្តាញ 5G របស់ពួកគេ ដោយលើកឡើងពីហានិភ័យចំពោះសន្តិសុខសមូហភាពនៃបណ្តាប្រទេសទាំងនោះ។

ក្នុងនោះ Thierry បានសង្កត់ធ្ងន់ផងដែរថា ក្រុមហ៊ុនទាំងពីរក៏នឹងត្រូវបានហាមប្រាមពីកម្មវិធីដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបផងដែរ។ យ៉ាងណាជុំវិញបញ្ហានេះក្រុមហ៊ុន Huawei ក៏បានរិះគន់ចំណាត់ការរបស់របស់មន្រ្តីសហភាពអឺរ៉ុបផងដែរ ដោយលើកឡើងថា នេះមិនផ្អែកលើការវាយតម្លៃ តម្លាភាព គោលបំណង និងការវាយតម្លៃបច្ចេកវិទេសនៃបណ្តាញ 5G នោះទេ។ ប្រភពពីអ្នកនាំពាក្យក្រុមហ៊ុន Huawei បាននិយាយថា ការដាក់ចេញជាសាធារណៈនូវខ្លឹមសារ «ហានិភ័យខ្ពស់» ពីបណ្តាញរបស់ Huawei ដោយគ្មានមូលដ្ឋានច្បាប់ គឺផ្ទុយនឹងគោលការណ៍នៃពាណិជ្ជកម្មសេរី៕

ដកស្រង់ពី៖Fresh New