ព្រោះតែជំនឿ “កូនប្រុសពៅ ការជាមួយកូនស្រី ពៅរកស៊ីអត់ឡើង” បានធ្វើឱ្យ គូស្នេហ៍វ័យក្មេង មួយគូ ប្រឈមនឹង ឧបសគ្គ និងមិនដឹង ត្រូវគិតយ៉ាងណា បើម្ខាងជា អ្នកមានគុណ និងម្ខាងទៀត ជាមនុស្សដែល ខ្លួនស្រលាញ់…តើពិតជា មានជំនឿ នេះមែនឬ? តើអ្នកជឿជំនឿនេះអត់?
ក្រោយការបដិសេធន៍ របស់ម្ដាយ លើជំនឿ ខាងលើ នារីមកពី ខេត្តត្បូងឃ្មុំ សុំមិនបញ្ចេញឈ្មោះ មួយរូប បានត្រឹមតែ នៅស្ងៀម មិនហ៊ានប្រកែក ដើម្បីទុកឱ្យ ម្ដាយមើល និង ស្វែងយល់ពីបុរស ដែលខ្លួនស្រលាញ់។
នារីសប្បុរស ភ្នែកតឹង ខ្មែរកាត់ចិន ឱ្យដឹងថា រូបនាង និងបុរសនោះ បានស្រលាញ់ គ្នាយូរហើយ ហើយគ្រោងនឹង ឱ្យចាស់ទំដឹងឮ ប៉ុន្តែអបិយជំនឿ “កូនប្រុសពៅ ការជាមួយ កូនស្រីពៅរកស៊ីអត់ឡើង” បានក្លាយជា របាំងរារាំង ស្នេហារបស់ អ្នកទាំងពីរ។
នាងបានប្រាប់ អ្នកយកព័ត៌មាន Sabay ថា ៖ “ទោះខំ ប្រាប់គាត់ [ម្ដាយ] យ៉ាងណា ក៏គាត់មិនព្រម ព្រោះអី ខ្ញុំនឹងគាត់ ជាកូនពៅ ម៉ាក់ប្រកាន់ ដាច់ខាត បើតាមចិន គេថាអត់ល្អ រកស៊ីអត់មាន។ គាត់មាន ចំណេះដឹងខ្ពស់ មិនភ័យថា ថ្ងៃមុខក្រទេ។ តើគួរជឿជំនឿ នេះអត់បង?។ ម្យ៉ាងបង [មនុស្សដែលប្រភពស្រលាញ់] ជាអ្នកស្រែ កូនខ្មែរសុទ្ធ ពេក ម៉ាក់មិន ចូលចិត្ត។ យើងស្រលាញ់ គ្នាណាស់ តែគួរធ្វើ យ៉ាងម៉េចបើ ម៉ាក ដាច់ខាត មិនយល់ព្រម អ៊ីចឹង”។
ប្រភពដដែល បញ្ជាក់ថា បើទោះជា យ៉ាងណា នាងមិនលែង ដៃបុរស រូបនោះឡើយ ដោយលើក ឡើងថា នាងមិនងាយ រកមនុស្សល្អ ដែលស្រលាញ់ និងមិនគិតពី អតីតកាល របស់នាង។
គ្រូហោរាចិន ប្រចាំក្រុង ភ្នំពេញ លោក កុក ឡុង មានប្រសាសន៍ថា មិនមានទេ ចំពោះជំនឿ ដែលថា «កូនប្រុសពៅ រៀបការនឹង កូនស្រីពៅរកស៊ីអត់ឡើង» នេះហើយបើ រៀបការជាមួយគ្នា ក៏មិនមាន អ្វីដែរ កើតឡើងដែរ ប៉ុន្តែអ្វី សំខាន់ ឪពុកម្ដាយ ត្រូវមើល លើម៉ោង ថ្ងៃ ខែ ឆ្នាំកំណើត និង ធាតុទាំង ៤ របស់កូន ប្រុសកូនស្រី។
លោកគ្រូ បន្ថែមថា៖ “ជូតនិងសេះ គោនិងពពែ ខ្លានិងវក ថោះនិងរកា រោងនិងច ម្សាញ់និងជ្រូក សុទ្ធតែ ឡាក់ឆុងហើយ ប៉ុន្តែពេល ឡាក់ឆុងចឹង ចិនគេមើល ម៉ោង ថ្ងៃ ខែ ឆ្នាំ និងធាតុទាំងបួនទៀត។ ធាតុមាស ចម្រើនទឹក ទឹកចម្រើនឈើ ឈើចម្រើនភ្លើង ភ្លើងចម្រើនមាស។ ខ្មែរឈើ ហើយនឹងភ្លើងឆេះខ្ទេច ចិនល្អ ខ្មែរភ្លើងល្អ ចិនអាក្រក់។ តែក៏មិន ប្រាកដដែរ អ្នកខ្លះល្អលេខមួយ តែរហេមរហាម អ្នកខ្លះឡាក់ឆុង ធ្វើមហាសេដ្ឋី ឯកឧត្ដម”។
លោកថ្លែងថា គេមិនអាច អត្តនោម័តិ ថារៀបការ កើតឬមិនកើត នោះទេ គឺទាល់តែគុណគូរ វិភាគលើម៉ោង ថ្ងៃ ខែ ឆ្នាំកំណើត និង ធាតុទាំង ៤ ទើបអាចវាយ តម្លៃដាក់ពិន្ទុបាន។ បើតាម ក្បួនហោរាចិន បើអ្វីដែល បានរៀបរាប់ លើល្អត្រឹម ៤០% គឺចាត់ទុកថាមិនល្អ៕
ដកស្រង់ពី ៖ Sabay