បណ្តាញសង្គម

យ៉ាងយូរឆ្នាំ២០២៦ ប្រទេសលោកខាងលិចនឹងបញ្ចេញរថយន្តហោះ

(បរទេស)៖ ក្រុមហ៊ុនផលិតយន្តហោះអគ្គិសនីធំៗពីររបស់អាមេរិក Eve និង Blade Air Mobility ប្រកាសពីកិច្ចសហការរួមគ្នាដើម្បីផលិតរថយន្តហោះ (Flying Car) ដែលគ្រោងនឹងចាប់ផ្តើមផលិនៅប្រទេសបារាំងក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ នេះជាការពង្រីកភាពជាដៃគូបន្ថែមទៀតរវាងក្រុមហ៊ុន Eve និង Blade ដោយកាលពីឆ្នាំមុនក្រុមហ៊ុនទាំងពីរនេះធ្លាប់បានប្រកាសពីភាពជាដៃគូរួមគ្នាម្តងរួចទៅហើយជុំវិញការដាក់ពង្រាយយន្តហោះអគ្គិសនីដល់ទៅ ២០០គ្រឿងនៅក្នុងប្រទេសឥណ្ឌា។

ប្រភពដដែលបានឱ្យដឹងថា Eve មិនត្រឹមតែជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សមួយរបស់ប្រេស៊ីលដែលមានឈ្មោះថា Embraer។

ក្រោយប្រកាសភាពជាដៃគូផលិតរថយន្តដែលអាចហោះបាននាពេលអនាគតនេះ តាមរយៈ Eve ទទួលបានការបញ្ជាទិញរថយន្តជិត ២,៨០០គ្រឿងរួចទៅហើយមុនពេលចាប់ផ្តើមផលិតកម្ម ជាមួយនឹងការគាំទ្របញ្ជាទិញពីវិនិយោគិនដូចជា United Airlines និង Rolls-Royce។ តាមការបញ្ជាក់ពីក្រុមហ៊ុនទាំងពីរ ខ្សែសង្វាក់ផលិតកម្មនឹងចាប់ផ្តើមក្នុងឆ្នាំ២០២៦ នៅប្រទេសបារាំងដំបូងគេ ទើបបញ្ជូនទៅប្រទេសអឺរ៉ុបផ្សេងទៀត ខណៈដំណើរការសាកល្បងនឹងចាប់ផ្តើមបណ្តើរក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខនេះ៕

ដកស្រង់ពី៖Fresh New