បណ្តាញសង្គម

Toyota C-HR 2024 អាច​នឹងក្លាយ​ជាជម្រើសថ្មី​ក្រៅពី Prius ព្រោះ​ថាមុខវាដូចគ្នា ហើយក៏ស៊ីសាំងតិចដែរ

រថយន្ត Toyota C-HR 2024 ត្រូវបានប្រកាសចេញហើយនៅតំបន់អឺរ៉ុប មានតម្លៃចាប់ពីជាង ៣ម៉ឺន ៨ពាន់ដុល្លារឡើងទៅ ដោយមកជាមួយរូបរាងថ្មី ជាពិសេសផ្នែកខាងមុខរបស់វាស្រដៀងនឹង Toyota Prius ស៊េរីថ្មីដែរ ព្រមទាំងប្រើម៉ាស៊ីន Plug-in Hybrid ជាលើកដំបូងទៀតផង ដែលមានកម្រិតស៊ីសាំងតិចបំផុត។

រូបរាងរបស់វា មិនខុសពីរូបគំរូ Concept ដែលបង្ហាញចេញកាលពីឆ្នាំមុនឡើយ ពោលគឺការឌីហ្សាញចង្កៀងជារាងអក្សរ C ដែលភ្ជាប់កោងខ្មៅចុះមកខាងក្រោម។ ចំណុចគួរឱ្យចាប់អារម្មណ៍ទៀត គឺដៃទ្វារចុច ដែលជាការរចនាលើកដំបូងរបស់ Toyota ផងដែរ។ ចំណែកផ្នែកខាងក្នុងវិញ រថយន្តនេះ បំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ និងអេក្រង់ថាច់ស្គ្រីន ៨,០អ៊ីញ។

ជាមួយគ្នានេះ វាក៏មកជាមួយសោឌីជីថល ការបញ្ជារថយន្តដោយមិនកាន់ចង្កូតក្នុងពេលស្ទះចរាចរណ៍ និងមុខងារបញ្ជាចូលចតពីចម្ងាយតាមទូរសព្ទជាដើម ព្រមទាំងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ក្រោយផងដែរ។

រថយន្ត Toyota C-HR 2024 ប្រើម៉ាស៊ីន Plug-in Hybrid ចំណុះ ២,០លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ផលិតបានកម្លាំងសរុប ២២៣សេះ។ អាគុយរបស់វាពេលសាកភ្លើងពេញ អាចដំណើរបានចម្ងាយ ៦៦គីឡូម៉ែត្រ។ វាក៏មានជម្រើសប្រើម៉ាស៊ីន Hybrid ផងដែរ មានចំណុះ ១,៨លីត្រ ផលិតបានកម្លាំង ១៣៨សេះ និងមាន Version ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៩៤សេះ ផងដែរ៕

ដកស្រង់ពី៖Sabay