បណ្តាញសង្គម

កូនឡាន Suzuki ស៊េរីថ្មីមួយនេះលក់នៅ​ឥណ្ឌាតម្លៃតែ​ជាង ៥ពាន់​ដុល្លារ​ប៉ុណ្ណោះ ចាក់១លីត្រជិះបាន ២៤គ.ម

ក្រុមហ៊ុន Suzuki ទើបតែប្រកាសចេញរថយន្តធុនតូចមួយម៉ូឌែលគឺ Suzuki Tour H1 នៅក្នុងប្រទេសឥណ្ឌា ដែលមានតម្លៃចាប់ពី ៥៨០០ ដល់ ៦៩០០ដុល្លារ។ Suzuki មិនបានសង្កត់ធ្ងន់លើការឌីហ្សាញរូបរាងរថយន្តនេះប៉ុន្មានឡើយ ដោយគ្រាន់តែរំលេចដោយពណ៌ខ្មៅនៅផ្នែកមុខ និងក្រោយ ឯតួរថយន្តមានជម្រើសពណ៌ ស ប្រាក់ និងប្រផេះ។

កូនរថយន្តនេះ មានប្រវែង ៣៥៣០មម ទទឹង ១៤៩០មម និងកម្ពស់ ១៤៧៥មម។ ទំហំប៉ុណ្ណេះ គឺសឹងតែតូចជាង Kia Morning, Hyundai Grand i10 និង Toyota Wigo ទៅទៀត។ ក្រៅតែពីរូបរាងសាមញ្ញ រថយន្តដ៏តូច្រឡឹងនេះក៏មិនមានបំពាក់បច្ចេកវិទ្យាទំនើបអ្វីដែរ ពោលគឺសូម្បីតែអេក្រង់ថាច់ស្គ្រីនក៏គ្មានដែរ ដោយផ្តោតតែទៅលើការសន្សំសំចៃតែប៉ុណ្ណោះ។

យ៉ាងណាមិញ វាបានបំពាក់ជាមួយកុងទ័រឌីជីល ពោងសុវត្ថិភាព ២គ្រាប់ និងមានបំពាក់ប្រព័ន្ធហ្វ្រាំង ABS និង EBD ផងដែរ។ រថយន្ត Suzuki Tour H1 ប្រើម៉ាស៊ីនសាំង K-Series ចំណុះ ១,០លីត្រ ដែលអាចបង្កើតកម្លាំង ៦៦សេះ និងកម្លាំងរមួល ៨៩ញូតុនម៉ែត្រ ជាមួយកម្រិតស៊ីសាំង ចាក់ ១លីត្រជិះបាន ២៤គីឡូម៉ែត្រ។ វាក៏មានជម្រើសប្រើម៉ាស៊ីន CNG ដែលផលិតបានកម្លាំង ៥៦សេះ និងកម្លាំងរមួល ៨២ញូតុនម៉ែត្រ។ ជាមួយគ្នានេះ វាដំណើរការតែប្រអប់លេខដៃ ៥វគ្គតែប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay