បណ្តាញសង្គម

ថ្មីទៀតហើយ! EXO លុប​ចោល​ការបង្ហាញមុខក្នុងកម្មវិធីល្បីមួយ មុនការមកដល់របស់ក្រុម

អ្នកគាំទ្រទាំងអស់ពិតជាមានការសោកស្ដាយ និងមានការព្រួយបារម្ភជាខ្លាំង ទាក់ទងនឹងការលុបចោលការបង្ហាញមុខរបស់ EXO ក្រោយប្រកាសក្ដែងៗថាពួកគេនៅវិលមកវិញនៅក្នុងពេលឆាប់ៗ។

នៅថ្ងៃទី ២៨ ខែមិថុនា SM Entertainment បានបង្ហើបថា ពួកគេបានលុបចោលការបង្ហាញមុខ របស់ EXO ក្នុងកម្មវិធី Killing Verse លើ Channel YouTube Dingo Music ហើយ។ មូលហេតុពីក្រោយ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ដោយសារសមាជិក EXO ត្រូវការពេលគ្រប់គ្រាន់ ក្នុងការហាត់សមបទថ្មីរបស់ពួកគេ។ «ពួកយើងសុំអនុញាតិក្នុងការលុបចោលការថតវីដេអូកម្មវិធី ដោយសារក្រុមត្រូវការពេលវេលាបន្ថែមក្នុងការហាត់សមសម្ដែងបទថ្មី»។

ការសម្រេចលុបចោលភ្លាមៗនេះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះការប្រកាសនេះ ធ្វើឡើងភ្លាមៗនៅមុន ១ ថ្ងៃ នៃការថតកម្មវិធីនោះ។ ផ្អែកតាមសេចក្ដីរាយការណ៍ ការរំសាយចោលការថតនេះ ដោយសារសមាជិកម្នាក់សុំមិនថត។ ទោះជាយ៉ាងណា សមាជិកម្នាក់នោះមិនត្រូវបានបង្ហើបថាជាអ្នកណាទេ ហើយក៏ពុំមែនជាសមាជិករបស់ EXO-CBX ដែរ។

ទោះជាមានការសោកស្ដាយក្នុងការបង្ហាញវត្តមានក្នុងកម្មវិធីនេះ ប៉ុន្តែអ្នកគាំទ្រនៅតែបន្តការរង់ចាំ សម្រាប់ការចេញផ្សាយបទថ្មីរបស់ក្រុម៕

ដកស្រង់ពី៖ Sabay