បណ្តាញសង្គម

ក្រុមហ៊ុន​អាមេរិកមួយ​រកឃើញថា រថយន្ត​កាន់តែទំនើប គឺ​កាន់តែមាន​បញ្ហាច្រើន​ជាងមុន

 រថយន្តដែលផលិតនាពេលបច្ចុប្បន្ន បានបង្កើនការបំពាក់បច្ចេកវិទ្យាកាន់តែទំនើបដើម្បីផ្គាប់ចិត្តអ្នកប្រើប្រាស់ ប៉ុន្តែបច្ចេកវិទ្យាទាំងនោះបែរជាធ្វើឱ្យអ្នកប្រើប្រាស់ជួបបញ្ហាកាន់តែច្រើនទៅវិញ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគទិន្នន័យរថយន្តអាមេរិក JD Power បានរកឃើញថា បញ្ហាដែលបានកើតឡើងលើរថយន្តថ្មីៗ នៅឆ្នាំ២០២៣នេះ បានកើនឡើងច្រើនជាង២ឆ្នាំមុន។ លទ្ធផលនេះ គឺបានមកពីការស្ទង់មតិពីម្ចាស់រថយន្តថ្មីចំនួន ៩៣ ៣៨០នាក់ ពីខែកុម្ភៈ ដល់ ខែឧសភា ឆ្នាំ២០២៣ ដោយផ្តោតទៅលើ ប្រព័ន្ធកម្សាន្ត, មុខងារ, ការបញ្ជាគ្រប់គ្រង, ផ្នែកខាងក្រៅ, ប្រព័ន្ធជំនួយអ្នកបើកបរ, ផ្នែកខាងក្នុង, បទពិសោធន៍នៃការបើកបរ និងម៉ាស៊ីនត្រជាក់ជាដើម។

ទិន្នន័យនេះបង្ហាញថា អ្នកប្រើប្រាស់ទាំងនោះ បានជួបបញ្ហាប្រព័ន្ធជំនួយអ្នកបើកបរ និងមុខងារចំនួនពីរគឺ Lane departure ដែលជាសញ្ញាព្រមានពេលរេចង្កូតចេញពីគន្លង និង forward collision warning ដែលជាសញ្ញាព្រមានពីឧបសគ្គខាងមុខដែលនឹងអាចប៉ះទង្គិចគ្នា ក៏ដូចជា ហ្វ្រាំងបន្ទាន់អូតូជាដើម។ ជាមួយគ្នានេះ ម្ចាស់រថយន្តថ្មីជាច្រើនក៏បានជួបប្រទះទៅនឹងការសាកថ្ម wireless ដែលបំពាក់លើរថយន្ត មិនចូល ឬសាកចូលយឺត ហើយទូរសព្ទឡើងកម្តៅខ្លាំងទៀតផង។ ក្រៅពីនេះ ពួកគេក៏បានជួបបញ្ហាប្រព័ន្ធសំឡេង (speaker) កន្លែងដាក់កែវទឹក និងដៃទ្វារចុចផងដែរ៕

ដកស្រង់ពី៖Sabay