បណ្តាញសង្គម

ឃើញ​ជាក់ស្តែង​ស្រាប់ហើយ! បើកម៉ូតូកាត់ទឹក ស្រាប់តែរលត់ម៉ាស៊ីនហើយខូចធ្ងន់ធ្ងរ ព្រោះ​តែមិនបាន​ធ្វើតាមវិធី​ទាំងនេះ

ក្នុងរយៈពេលចុងក្រោយនេះ បញ្ហាខូចម៉ូតូ ឬរលត់ម៉ាស៊ីនក្នុងពេលបើកកាត់ទឹក អំឡុងមានភ្លៀងធ្លាក់ខ្លាំងនៅរាជធានីភ្នំពេញ បានកើតឡើងច្រើនករណីហើយ។ ការពិតទៅ ពេលមានទឹកជន់លិចផ្លូវបែបនេះ គឺមិនអាចមើលស្រាលស្ថានភាពហើយបើកបរទាំងប្រថុយនោះទេ គឺអ្នកប្រើប្រាស់ម៉ូតូគួរអនុវត្តតាមវិធីខាងក្រោមនេះ៖

បើកបរយឺតៗ ហើយមិនត្រូវឈប់ដាច់ខាត ប្រសិនបើអ្នកសម្រេចចិត្តថា បើកលើផ្លូវលិចទឹកនោះហើយ គឺអ្នកត្រូវព្យាយាមរកផ្លូវទួលដែលខ្ពស់ជាងគេ ពោលគឺអាចបើកចំកណ្តាលទ្រូងផ្លូវតែម្តង ដោយបើកយឺតៗ ហើយមិនត្រូវឈប់ដាច់ខាត។

ពេលរលត់ម៉ាស៊ីន ពេលបើកលើផ្លូវលិចទឹក ហើយស្រាប់តែទឹកលិចចូលដល់ម៉ាស៊ីនម៉ូតូទៀតនោះ វានឹងអាចធ្វើឱ្យរលត់តែម្តង។ ដូច្នេះបើវារលត់ម៉ាស៊ីនទៅហើយ ដាច់ខាតមិនត្រូវបញ្ឆេះវិញភ្លាមៗឡើយ បើមិនដូច្នោះទេ នឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់គ្រឿងបង្គំក្នុងម៉ាស៊ីនជាមិនខាន។ ព្យាយាមបណ្តើរម៉ូតូស្វែងរកទីទួលសមរម្យមួយ និងកន្លែងជួសជុល បន្ទាប់ពីរលត់ម៉ាស៊ីនហើយ អ្នកត្រូវចុះបណ្តើរម៉ូតូស្វែងរកទីទួលណាមួយដែលមិនលិចទឹក ដើម្បីឈប់នៅមួយកន្លែងសិន។ ក្នុងករណីនេះ អ្នកត្រូវបន្តស្វែងរកកន្លែងជួសជុលម៉ូតូដែលនៅក្បែរបំផុត។

តែបើរកមិនបានទេ ក៏ត្រូវស្វែងរកជំនួយតាមមធ្យោបាយផ្សេងៗហើយ ព្រោះយ៉ាងណាក្តី មិនអាចបញ្ឆេះម៉ូតូឡើយ ដោយសារតែទឹកបានចូលលាយប្រេងម៉ាស៊ីនបាត់ទៅហើយ។ ក្រៅពីប្រេងម៉ាស៊ីន ក៏ត្រូវប្រាកដពីផ្នែកផ្សេងៗរបស់ម៉ូតូដែរ ប្រសិនបើអ្នកអាចរកបានកន្លែងជួសជុល ឬបង្ហូរ និងប្តូរប្រេងម៉ាស៊ីនបានហើយ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺត្រូវឆែកមើលចំណុចផ្សេងៗទៀតដែរ ដូចជា សំបុកអ៊ែរ ប៊ូស្ស៊ី ខ្សែភ្លើង ព្រោះថាបើវានៅសើមទឹក គឺវាអាចឆ្លងប្រព័ន្ធភ្លើងបាន ព្រមទាំងហ្វ្រាំងផងដែរ៕

ដកស្រង់ពី៖Sabay