បណ្តាញសង្គម

កុំ​ព្រងើយ​កន្តើយឱ្យសោះ! ឃើញ​ទឹកស្រកក្រោម​រថយន្ត កុំគិត​ត្រឹម​ថាវាជាទឹកម៉ាស៊ីនត្រជាក់

តើអ្នកធ្លាប់ចាប់អារម្មណ៍ពីទឹកដែលស្រកក្រោមរថយន្តទេ? ជាទូទៅគ្រប់រថយន្តគឺសុទ្ធតែមានទឹកស្រកចុះ ព្រោះនោះជាទឹកដែលមកពីប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត គឺដូចជាទឹកម៉ាស៊ីនត្រជាក់តាមផ្ទះដែរ។

ប៉ុន្តែរឿងដែលគួរឱ្យបារម្ភនោះ គឺខ្លាចវាពុំមែនជាទឹកមកពីម៉ាស៊ីនត្រជាក់ ប៉ុន្តែវាជាសញ្ញាលេចធ្លាយណាមួយក្នុងប្លុកម៉ាស៊ីនទៅវិញ ដែលចាំបាច់ត្រូវយកចូលការ៉ាស់ជួសជុលឱ្យបានទាន់ពេល។ ទឹកស្រកចុះពីប្រព័ន្ធម៉ាស៊ីនត្រជាក់ គឺគ្មានក្លិន ពណ៌ស្រាល ហើយស្រកតិច ឬច្រើនគឺអាស្រ័យលើការបើកម៉ាស៊ីនត្រជាក់របស់អ្នកប្រើប្រាស់។ ប៉ុន្តែបើអ្នកឃើញមើលឃើញថា ទឹកដែលស្រកនោះមានលក្ខណៈខុសប្រក្រតី គឺវាអាចបញ្ជាក់ពីបញ្ហាដូចខាងក្រោមនេះ៖

-ទឹកស្អំ: វាអាចជាទឹកស្អំដែលស្រកពីការលេចធ្លាយធុងទឹក ឬទុយោណាមួយ។ យើងអាចកត់សម្គាល់ថាវាជាទឹកស្អំ ទៅលើពណ៌របស់វា ដែលមានពណ៌ផ្កាឈូក ឬ បៃតង និងមានក្លិនលោហធាតុ។ ប្រសិនបើរថយន្តកំពុងបញ្ឆេះទៀតនោះ គឺប្រាកដណាស់ ទឹកស្អំនឹងមានកម្តៅខ្លាំង ដែលខុសពីទឹកម៉ាស៊ីនត្រជាក់។

-ប្រេងម៉ាស៊ីន: បើទឹកដែលស្រកចុះនោះ មានពណ៌មាស ឬពណ៌ខ្មៅ ហើយពេលស្ទាបមានជាតិរំអិល គឺច្បាស់ណាស់វាជាប្រេងម៉ាស៊ីនដែលលេចធ្លាយចេញពីកន្លែងណាមួយជាក់ជាមិនខាន។

-ប្រេងប្រអប់លេខ: បើទឹកដែលស្រកនោះ មានពណ៌ក្រហម គឺវាអាចជាប្រេងប្រអប់លេខ ដែលអាចលេចធ្លាយចេញពីកន្លែងណាមួយរបស់ប្រព័ន្ធប្រអប់លេខ។

-ទឹកបាញ់កញ្ចក់: ប្រសិនបើអ្នកបានចាក់បំពេញធុងទឹកបាញ់កញ្ចក់ហើយ ប៉ុន្តែវាឆាប់ស្រកលឿនទាំងដែលអ្នកមិនសូវប្រើនោះ ដូច្នេះវាក៏អាចជាទឹកបាញ់កញ្ចក់ផងដែរដែលបណ្តាលមកពីការលេចធ្លាយធុង ឬទុយោ៕

ដកស្រង់ពី៖Sabay