បណ្តាញសង្គម

ប្រិយមិត្ដមានចាប់ភ្លឹកអត់? សាយ សៀរ៉ា មានផ្ទះធំទ្រនំខ្ពស់ហើយ តែរំលឹកតែគ្រាកម្សត់ជាមួយប៉ា ម៉ាក់

តារាសម្ដែងរូបសង្ហារ សាយ សៀរ៉ា នៅតែទទួលបានប្រជាប្រិយភាពពីមហាជនក្នុងវិស័យសិល្បៈ បើទោះបីជាលោកអះអាងថាអាជីពសម្ដែង ពិធីករ និងចច្រៀងរបស់លោកមិនសូវមានច្រើនដូចមុននោះ។

ក្នុងពេលទំនេរពីសិល្បៈ តារាសម្ដែងរូបនេះឧស្សាហ៍ទៅលេងប៉ា និងម្ដាយនៅឯស្រុកកំណើតនាខេត្ដកំពង់ចាមណាស់។ ពេលទៅម្ដងៗ គេកម្រឃើញលោកបង្ហាញពីផ្ទះវីឡាដ៏ស្រស់ស្អាតដែលសង់ជូនអ្នកមានគុណទាំងពីរណាស់ ផ្ទុយទៅវិញលោករំលឹកតែគ្រាលំបាក ដោយបង្ហាញពីភាពកក់ក្ដៅជាមួយប៉ា និងម៉ែនៅក្រោមដំបូលប្រក់តង់ជាញឹកញាប់។

គេអាចនិយាយបានថា សាយ សៀរ៉ា មិនមែនជាតារាមិនចេះសម្ញែងរឿងទ្រព្យសម្បត្ដិ ឬរបស់ប្រើប្រាស់ ខណៈដែលផ្ទះវីឡារបស់លោកសង់អស់ខ្ទង់ម៉ឺនដុល្លារ គឺកម្រនឹងលោកបញ្ចេញតាមបណ្ដាញសង្គមណាស់។ ជាក់ស្ដែងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ គេឃើញលោកទៅលេងស្រុក ហើយបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយអ្នកមានគុណ ដោយមិនបានសរសេរពាក្យអ្វីភ្ជាប់ជាមួយរូបថតទាំងនោះទេ។

ប៉ុន្ដែទៅដល់ស្រុកម្ដងណាលោកក៏មិនភ្លេច ចូលផ្ទះបាយ ដើម្បីធ្វើម្ហូបនោះទេ ហើយម្ហូបលោកភាគច្រើនធម្មជាតិចេញពីប្រភពស្រុកស្រែចម្ការ ដោយពេលខ្លះលោកធ្វើម្ហូបច្រើនហើយអញ្ជើញសាច់ញាតិមកញ៉ាំបាយជុំគ្រួសារ ដើម្បីបង្កើតបរិយាកាសរីករាយទៀតផង៕

ដកស្រង់ពី៖ Sabay