បណ្តាញសង្គម

កុំច្រឡំថាប្ដីវ៉ៃ! កាតុ បកស្រាយរឿងភ្នែកឡើងជាំទាំងសងខាង បន្ទាប់ពីបាត់មុខ ២ថ្ងៃ

តារាកំប្លែងស្រីវ័យជ្រេ សុខ ចាន់ធីតា ហៅកាតុ ទើបចេញមុខបកស្រាយរឿងរ៉ាវផ្ទាល់ខ្លួននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោយបាត់មុខពីបណ្ដាញសង្គមដែលតែងតែ Live បង្ហាញពីរសជាតិហ្វឺ និងហាងនំបញ្ចុកស្រុះរបស់ខ្លួនរយៈពេល ២ថ្ងៃ។

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន កាតុ បានប្រាប់អ្នកគាំទ្រ និងមិត្ដសិល្បៈថា រូបនាងទើបកែត្របកភ្នែកផ្នែកខាងលើទាំងសងខាងបាន ២ថ្ងៃ ដោយសារតែភ្នែករបស់នាងខូងជ្រៅ ទើបអ្នកនាងបានទៅគ្លីនិកកែសម្ផស្សដ៏ទុកចិត្ដមួយនៅភ្នំពេញ ដើម្បីវះកាត់បំពេញខ្លាញ់ត្របកភ្នែកខាងលើ។ កាតុ៖ “បាត់មុខពីរថ្ងៃ ហើយមកវិញឃើញខៀវបែបនេះ មិនមែនប្ដីវ៉ៃទេ…ខ្ញុំទៅកែត្របកភ្នែកបងប្អូន! យូរមកហើយ ខ្ញុំទើសចិត្ដខ្លួនឯងណាស់ រឿងភ្នែកខ្ញុំហ្នឹង…វាខូងជ្រៅ ហើយទើបឥឡូវខ្ញុំស្គាល់ទុកចិត្ដពេទ្យគេជំនាញៗ ទើបខ្ញុំធ្វើហ្មងទៅ”។

តាមរយៈវីដេអូLive នៅថ្ងៃនេះ អ្នកនាង សុខ ចាន់ធីតា មិនទាន់ទាំងហារមាត់ ឬកម្រើកត្របកភ្នែកបានខ្លាំងៗនៅឡើយ ដោយសារទើបវះកាត់បាន ២ថ្ងៃ។ ដោយគ្រាន់តែឃើញស្ថានភាពមុខរាងហើម ហើយភ្នែកខ្មៅទាំងសងខាង ពេលមិនទាន់មានការបកស្រាយពីសាមីខ្លួន មានប្រិយមិត្ដខ្លះបានចូលទៅសួរថា មុខហ្នឹងត្រូវប្ដីវ៉ៃ ឬជួបគ្រោះថ្នាក់អ្វី? ប៉ុន្ដែកាតុ បានបញ្ជាក់ច្បាស់ៗអំពីការកែសម្ផស្សនេះ ទើបម្នាក់ៗអស់ចម្ងល់ ហើយជូនពរឆាប់ជាសះ ហើយជូនពរសម្រស់កាន់តែស្អាត៕

ដកស្រង់ពី៖ Sabay