បណ្តាញសង្គម

អាប៉ោង​កាន់​តែ​ហើបគម្រប​ សេង មង្គល និង ទ្រី ដាណា ទំនាក់ទំនង វិវត្តទៅ​១កម្រិតទៀត​ហើយ

តារាសម្ដែងស្រស់សង្ហា សេង មង្គល និងថៅកែពេជ្រ និងផលិតផលអនឡាញ ទ្រី ដាណា បានលេងល្បែងស្នេហ៍លឹបលរអស់រយៈពេលយ៉ាងយូរមកហើយ ហើយមកដល់ពេលនេះទំនាក់ទំនងមួយនោះបានឈានមកដល់មួយកម្រិតទៀតកាន់តែស៊ីជម្រៅ។

សេង មង្គល និង ទ្រី ដាណា ដែលបច្ចុប្បន្នមានងារជាជំទាវឧកញ៉ា បានបង្កើតទំនាក់ទំនងជាមួយគ្នារយៈពេលវែងគួរសមចាប់តាំងពីភាគីខាងស្រី បានចែកផ្លូវគ្នាជាមួយស្វាមី។ ទំនាក់ទំនងមួយនេះផ្ដើមឡើងពីការរកស៊ី ដែល ទ្រី ដាណា ជួល មង្គលដើម្បីថតផ្សាយពាណិជ្ជកម្មផលិតផលឲ្យខ្លួន។ ប៉ុន្តែក្រោយមក ក៏ត្រូវបានគេផ្គូរផ្គង ដោយសារមើលថា ទាំងពីរនាក់សមគ្នា។

បន្តនោះមក អ្នកទាំងពីរចាប់ផ្ដើមអូសទូកបណ្ដោយទឹក ហើយតាំងបង្កើតរូបភាពផ្អែមល្ហែមជាហូរហែរ ដូចជាគូសង្សារដូចដែលមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេបានផ្គូរផ្គង។ យ៉ាងណា ពួកគេទាំងពីរមិនដែលនិយាយចេញពីមាត់ថា ពួកគេស្រឡាញ់គ្នាមែន ឬក៏អត់ជាសាធារណៈនោះទេ។ យ៉ាងនេះក្ដី បានធ្វើឲ្យសាធារណជនកាន់តែជឿស្លុង និងចង់ឃើញការផ្គូរផ្គងរបស់ពួកគេបានសម្រេចឆាប់ៗ។

ដោយឡែកសាមីខ្លួនទាំងសង ក៏រឹតតែចូលតួតាមនោះដែរ។ ម្សិលមិញនេះ ពួកគេទាំងពីរបានឡើងឆាករួមគ្នាថ្មីទៀត ក្នុងថ្ងៃសម្ពោធផលិតផលថ្មីរបស់ពួកគេប្រភេទថែរក្សាស្បែកហៅថា JOJOBA Whitening ដែលក្រោយមក សេង មង្គល ត្រូវបានប្រកាសថា តារាតំណាងផលិតផលថ្មីនេះទៀត។ ចំណុចគួរឲ្យកត់សម្គាល់ ពួកគេទាំងពីរ បានឡើងសាសងគ្នាលើឆាក ក្នុងរូបភាពដែលប្រិយមិត្តមិនធ្លាប់ឃើញពីមុនមក។ សេង មង្គល និងទ្រី ដាណា កាន់តែស្និទ្ធជាងមុនទាំងកាយវិការ និងពាក្យសម្ដី។ ឱកាសនោះ ភាគីខាងប្រុស បានប្រឡេះឡេវអាវ ហើយចាប់ដៃខាងស្រី យកទៅស្ទាបទ្រូងរបស់គេ ដែលចង់ប្រាប់ថា អំឡុងពេលសាងគ្នាលើឆាក លោកពិតជាភ័យយ៉ាងប្រាកដ។

នេះជារូបភាព ដែលកម្រឃើញនាពេលកន្លងមក។ ចំណុចនេះដែរ ភាគីខាងស្រីក៏បានទទួលស្គាល់ដែរ។ ជំទាវឧកញ៉ា ទ្រី ដាណា បានលើកឡើងថា អ្នកនាង ពិតជាមិនធ្លាប់លេងចាប់ដៃ ឬប៉ះសាច់គ្នាស្និទ្ធបែបនេះពីមុនមកមែន។ យ៉ាងណា ពួកគេនៅតែមាត់រឹង មិនបញ្ចេញនូវអ្វីដែលគេចង់ឃើញ ចង់លឺនោះទេ។ ទ្រី ដាណា បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងក្នុងវេលាមួយ ដែលអ្នកនាងថ្លែង៖ "សូមប្រកាសថា រវាងខ្ញុំ និងលោក សេង មង្គល ពីពេលនេះទៅ...”។

ប៉ុន្តែចុងបញ្ចប់ក្រោមវត្តមានតំណាងចែកចាយរបស់ខ្លូនរាប់រយនាក់ លោកជំទាវ ប្រកាសថា មង្គល ជា BA ជាថ្មីទៀតរបស់ផលិតផលថែរក្សាសម្រស់របស់ខ្លួន គឺ JOJOBA Whitening។ គួរកត់សម្គាល់ថា នេះជាលើកទី២ដែល សេង មង្គល បានទទួលធ្វើជា BA ឲ្យជំទាវឧកញ៉ា ទ្រី ដាណា ដោយកាលពីឆ្នាំមុន លោកក៏ជា BA របស់ផលិតផល CQ10 ដែរ។ នេះជារឿងកម្រ ដែលតារាម្នាក់ទទួលបានការងារជា BA លើផលិតផល២ផ្សេងគ្នាតែម្ចាស់តែ១ក្នុងរង្វង់ ២ឆ្នាំជាប់ៗគ្នាបែបនេះ ដែលសបញ្ជាក់ថា ទ្រី ដាណា ទុក សេង មង្គលជាមនុស្សពិសេសម្នាក់។

ចំណុចនេះ គេមើលឃើញថា បើទោះមួយផ្នែកក្នុងន័យពាណិជ្ជកម្ម ប៉ុន្តែគេជឿថាក៏មាន លាយឡំមនោសញ្ចេតនាពិសេសនៅក្នុងនោះដែរ ហើយបើទោះឥឡូវអាចថា មិនទាន់មានអ្វីជ្រាលជ្រៅ ប៉ុន្តែអនាគត ទឹកចិត្ត ឬបេះដូងថ្មរបស់ពួកគេ ឬនរណាម្នាក់ក្នុងចំណោមនោះ អាចនឹងទន់ជ្រាយតាមកាលវេលា។ ទំនាក់ទំនងរបស់អ្នកទាំងពីរ មិនថាតែសាធារណជន ប៉ុន្តែសូម្បីពិធីការិនី ប៉ែន ស្រីពេជ្រ ក៏ធ្លោយមាត់ថា ទ្រី ដាណា និង សេង មង្គល ដូចជាគូព្រេងពីអតីតជាតិ។ អ្នកទាំងពីរ បើកភ្នែកធំៗ ពេលលឺ ពិធីការិនីពោលដូច្នេះ។

សរុបមក គិតត្រឹមថ្ងៃម្សិលមិញ អាប៉ោង ហើបគម្របខ្លះហើយ ប៉ុន្តែអ្វីៗនៅមើលមិនទាន់ច្បាស់១០០%នោះទេ ហើយសាធារណៈជនមើលឃើញយ៉ាងម៉េច...ប៉ុន្តែរឿងពិត គ្មាននរណាច្បាស់ជាងពួកគេទាំងពីរឡើយ។ ដូច្នេះរង់ចាំមើល ការចូលតួរបស់ពួកគេបន្តទៀត ថាតើពួកគេលេងបានយូរប៉ុណ្ណា។ ម្សិលមិញនេះ មានតំណាងចែកចាយ សិល្បករ តារា Tiktok ក៏ដូចជា Influencer ជាច្រើនរយនាក់មកអបអរ ជំទាវឧកញ៉ា ទ្រី ដាណា ប្រកាស សេង មង្គល ជា BA របស់ផលិតផលថ្មី៕

ដកស្រង់ពី