ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បង្ហាញការអស់សង្ឃឹមក្នុងអាជីពសិល្បៈ ដោយលោកនិយាយអួលអាក់ថា បើមានជាតិក្រោយសូមកុំឲ្យលោកចេះច្រៀងតែមួយមុខ ត្រូវចេះសម្ដែង ឬទេពកោសល្យផ្សេងទៀត ដើម្បីមានមុខមានមាត់ក្នុងសង្គម។
បច្ចុប្បន្ន ប៊ុត សីហា កំពុងស្ថិតនៅជាតារាចម្រៀងឯករាជ ប៉ុន្ដែមិនសូវមានឱកាសបានឡើងច្រៀងតាមកម្មវិធីផ្សេង ឬចេញបទចម្រៀងច្រើននោះទេ ដោយលោកបន្ទោសថា មិនសូវចេះអែបអបម្ចាស់កម្មវិធី ឬម្ចាស់ក្រុមហ៊ុន ហើយម្យ៉ាងក៏មិនសូវមានមុខមានមាត់ ខណៈដែលលោកចេះច្រៀងតែមួយមុខ។
ក្រោយពីស្ដីបន្ទោសខ្លួនឯង ទាំងអន់ចិត្ដចំពោះការងារសិល្បៈមិនសូវមានធ្វើឲ្យប៉ះពាល់ដល់ចំណូល តាមបណ្ដាញសង្គមផ្ទាល់ខ្លួនមិនបានប៉ុន្មានផង ក៏លេខមុខអ្នកគាំទ្រលោកម្នាក់ មកអះអាងថា ខ្លួនជាមនុស្សម្នាក់ធ្លាប់ជ្រោង ប៊ុត សីហា ឲ្យបានជាប់ក្នុងការប្រឡង The Voice Cambodia តាមរយៈបញ្ចូលលុយទូរស័ព្ទអស់ជាច្រើនដុល្លារ ដើម្បីបោះឆ្នោតគាំទ្របេក្ខភាព ប៊ុត សីហា។
ដោយឆ្លងតាមបទពិសោធន៍នេះហើយ ទើបអ្នកគាំទ្រម្នាក់ឈ្មោះ ឃុត សាង ផ្ដល់គំនិតសម្រាប់តារាចម្រៀង ប៊ុត សីហា ក្នុងកាលៈទេសៈនេះថា លោកគួរតែរកបទ ឬចម្រាញ់បទណាឲ្យផ្ទុះខ្លាំងត្រឹម ១បទ ដាក់នៅលើផេក មិនយូរទេកេរ្ដិ៍ឈ្មោះនឹងកាន់តែល្បី៕
ដកស្រង់ពី៖ Sabay