បណ្តាញសង្គម

រថយន្តប្រណិត Mercedes-Benz ក្លាយជាដៃគូបន្ទាប់របស់ Tesla ក្នុងការប្រើប្រាស់ Superchargers

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz បានសហការជាមួយនឹងក្រុមហ៊ុន Tesla នឹងក្លាយជាអតិថិជនបន្ទាប់ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម Superchargers នៅអាមេរិកខាងជើងចាប់ពីឆ្នាំ២០២៥ខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ Mercedes-Benz គឺជាអតិថិជនទី៣ នៃអតិថិជនសរុបរបស់ Tesla បច្ចុប្បន្នរួមមាន Ford និង General Motor ដែលបានអនុម័តស្តង់ដារសាកថ្មអាមេរិកខាងជើង (NACS) ខណៈក្រុមហ៊ុនទាំងនេះសុទ្ធតែជាដៃគូប្រជែងកំពូលៗនៃក្រុមហ៊ុនពិភពលោក។

ក្នុងនោះ Mercedes នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដំបូងគេដែលចុះឈ្មោះប្រើប្រាស់ Supercharger របស់ Tesla ចំណែកឯ Volkswagen ជាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយទៀតកំពុងស្ថិតក្នុងការពិភាក្សាដើម្បីអនុម័តស្តង់ដារសាកថ្មអាមេរិកខាងជើងផងដែរ។

តាមការបញ្ជាក់ពីប្រភពខាងលើបានឱ្យដឹងថា Mercedes-Benz នឹងចាប់ផ្តើមផ្តល់ឱ្យអតិថិជនអាមេរិកខាងជើងរបស់ខ្លួនចូលប្រើប្រាស់បណ្តើរចាប់ពីឆ្នាំ២០២៤ ដោយជំហានដំបូងនឹងផ្តល់ជូនអាដាប់ទ័រសម្រាប់សាកថ្មប្រហែល ១២,០០០គ្រឿងសម្រាប់ភ្ជាប់ទៅនឹងប្រព័ន្ធសាកថ្មដែលមានស្រាប់របស់ Tesla។ គួរជម្រាបដែរថា ឧបករណ៍សាកថ្មរបស់ Tesla បច្ចុប្បន្ននេះមានប្រហែល ៦០ភាគរយនៃចំនួនឆ្នាំងសាកល្បឿនលឿននៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមនាយកដ្ឋានថាមពលសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖Sabay