បណ្តាញសង្គម

ជួប​បញ្ហា​ឡានស៊ីប្រេងម៉ាស៊ីន អ្នក​អាច​សាកល្បង​ដោះស្រាយ​ដោយខ្លួនឯងបាន បើមិនចង់ប្តូរ ឬ​រើម៉ាស៊ីន

អ្នកប្រើប្រាស់រថយន្តដែលមានអាយុកាលច្រើនឆ្នាំ ឬច្រើនម៉ឺនគីឡូដែលជារថយន្តមួយទឹកនោះ គឺភាគច្រើនសុទ្ធតែជួបប្រទះនឹងបញ្ហារថយន្តស៊ីប្រេងម៉ាស៊ីន រហូតធ្វើឱ្យម្ចាស់រថយន្តមួយចំនួនត្រូវបង្ខំចិត្តប្តូរម៉ាស៊ីន ឬរើម៉ាស៊ីនឡើងវិញ ដែលសុទ្ធតែត្រូវចំណាយលុយច្រើន។

ជាទូទៅ បញ្ហារថយន្តបាត់ប្រេងម៉ាស៊ីន គឺមានច្រើនមូលហេតុ ក្នុងនោះ គឺមានដូចជាការលេចជ្រាបខាងក្រៅដែលយើងអាចមើលឃើញ និងលេចជ្រាបខាងក្នុងម៉ាស៊ីន ដែលតម្រូវឱ្យមានការដោះឆែកមើល។ យ៉ាងណាមិញ ប្រសិនបើពិនិត្យមើលល្អិតល្អន់អស់ហើយ ពុំឃើញមានការលេចជ្រាបណាមួយទេ គេអាចសន្មតបាននូវមូលហេតុទៀតគឺដោយសារតែការសឹកអស់ក្រវាត់ប៊ីស្តុង ដែលធ្វើឱ្យមានចន្លោះធំរវាងប៊ីស្តុង និងស៊ីឡាំង ហើយប្រេងក៏បានឆេះបាត់ក្នុងប្រឡោះនេះផងដែរ។

រោគសញ្ញាដែលបង្ហាញពីការសឹកអស់ក្រវាត់ប៊ីស្តុង រួមមានដូចជា ការស៊ីប្រេងម៉ាស៊ីនច្រើន (ជិះ៥០០គ.ម ស៊ីប្រហែល ១លីត្រ), ចេញផ្សែងមានពណ៌ខៀវ និងចេញផ្សែងពេលជាន់ហ្គែរ និងឡើងកម្តៅម៉ាស៊ីនជាដើម។ ចំពោះភាពសឹករិចរឹលនៃគ្រឿងបង្គំម៉ាស៊ីននេះ ត្រូវបានជាងរថយន្តជាច្រើនបានផ្តល់អនុសាសន៍ឱ្យដំឡើងកំហាប់ប្រេងម៉ាស៊ីន ដើម្បីកាត់បន្ថយការបាត់ប្រេង។

ឧទាហរណ៍ នៅលើគម្របម៉ាស៊ីនរថយន្ត គេដាក់ 5w-30 អ៊ីចឹងអាចដំឡើងលេខដល់ 5w-40 ឬ 10w-40។ ប៉ុន្តែការដំឡើងកំហាប់បែបនេះ មិនបានជួយអ្វីច្រើនដែរ។ យ៉ាងណាមិញ មានវិធីមួយទៀត ដែលចំណាយតិចតួចប៉ុណ្ណោះក្នុងការសាកល្បងដោះស្រាយ បើមិនចង់ប្តូរម៉ាស៊ីន ឬត្រូវរើម៉ាស៊ីន គឺការចាក់បន្ថែមប្រេងជំនួយក្រវាត់ នៅពេលប្តូរប្រេងម៉ាស៊ីនម្តងៗ តែធ្វើយ៉ាងណា កុំឱ្យហួសពីកម្រិត Full ឬ Maximum របស់ម៉ាកេប្រេងម៉ាស៊ីន។

ចំពោះប្រេងជំនួយ គឺមានច្រើនប្រភេទណាស់ តែសម្រាប់រថយន្តដែលសឹកអស់ក្រវាត់ប៊ីស្តុងនោះ គឺគួរតែប្រើប្រេងប្រភេទ Smoke Stop oil ដែលវាជួយកាត់បន្ថយការស៊ីប្រេងម៉ាស៊ីន និងការចេញផ្សែង កាត់បន្ថយសំឡេងរំខានចេញពីម៉ាស៊ីន និងបង្កើនកំហាប់ប្រេងរំអិលជាដើម។ ដូច្នេះ លោកអ្នកអាចសាកល្បងប្រើវិធីបន្ថែមប្រេងជំនួយនេះជាមុនសិន ហើយធ្វើការតាមដានវា ថាតើនៅបន្តបាត់ប្រេងច្រើនដដែល ឬកាត់បន្ថយការស៊ីប្រេងបានកម្រិតណាមួយនោះ ចាំពិចារណាប្រើវិធីមួយទៀតគឺផ្លាស់ប្តូរ វ៉ាល់ PCV (វ៉ាល់ហ៊ើយ) ព្រោះថាបើវាខូចក៏អាចបង្កឱ្យមានការបាត់ប្រេងម៉ាស៊ីនផងដែរ៕

ដកស្រង់ពី៖Sabay