បណ្តាញសង្គម

ក្រុមហ៊ុន​ចិន Nio ប្រកាស​ពី​អាគុយថ្មី​​ដែល​អាចឱ្យ​រថយន្ត​បើកបាន​ដល់ចម្ងាយ​ជិត ១០០០គ.ម

ក្រុមហ៊ុនផលិតរថយន្ត Nio របស់ប្រទេសចិន បានប្រកាសពីអាគុយប្រភេទ Solid-State Battery ទំហំ ១៥០គីឡូវ៉ាត់ម៉ោង ដែលបំពាក់លើរថយន្ត Nio ES6 ដោយវាជួយឱ្យរថយន្តបើកបានដល់ចម្ងាយ ៩៣០គីឡូម៉ែត្រ ពេលសាកពេញម្តង។

នៅក្នុងអាគុយប្រភេទនេះ គឺត្រូវបានបំពាក់បច្ចេកវិទ្យាអេឡិចត្រូតថ្មីដែលប្រើប្រាស់ជំនួស អេឡិចត្រូតស៊េរីមុន (liquid electrolyte) បំពាក់ក្នុងអាគុយលីចូម (lithium-ion battery)។ អាគុយលីចូមនេះ ត្រូវបានបំពាក់ជាទូទៅក្នុងរថយន្តអគ្គិសនី តែបើកបានត្រឹមចម្ងាយ ៤០០ ទៅ ៥០០គីឡូម៉ែត្រប៉ុណ្ណោះ។

ដោយឃើញប្រសិទ្ធភាពខ្ពស់ជាងបែបបនេះ ទើបបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានប្រកាសវិនិយោគបច្ចេកវិទ្យាអាគុយ Solid-State ដោយសារវាផ្ទុកភ្លើងបានច្រើន និងសាកបានលឿនជាងអាគុយលីចូម។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ដែលក្រុមហ៊ុន Nio បានបង្ហាញចេញអាគុយ Solid-State នេះឡើយ ពោលគឺកាលពីដើមឆ្នាំ២០២១ ក្រុមហ៊ុនរថយន្តចិនមួយនេះ បានប្រកាសរថយន្តស៊ីដេន ET7 ដែលប្រើអាគុយប្រភេទនេះ ហើយពេលសាកពេញ អាចបើកបានដល់ចម្ងាយជាង ១ពាន់គីឡូម៉ែត្រឯណោះ។ គួរកត់សម្គាល់ដែរថា ថ្មីៗនេះក្រុមហ៊ុន Toyota ក៏បានប្រកាសដែរថា ខ្លួនបានបំបែកកំណត់ត្រាក្នុងបច្ចេកវិទ្យារថយន្តអគ្គិសនី ដោយការសម្រេចជោគជ័យនូវការផលិតអាគុយប្រភេទ Solid-State ដែលមានសមត្ថភាពអាចឱ្យរថយន្តបានចម្ងាយ ១២០០គីឡូម៉ែត្រ ហើយចំណាយពេលសាកត្រឹម ១០នាទីប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay