បណ្តាញសង្គម

ពាក្យសម្តីមួយម៉ាត់​របស់ពូទីន នឹង​ធ្វើឱ្យប្រេន​រថយន្ត​រុស្ស៊ីកាន់តែខ្លាំង

ប្រេនរថយន្តរុស្ស៊ី នឹងកែប្រែមុខមាត់របស់ខ្លួនឱ្យកាន់តែខ្លាំងសម្រាប់ទីផ្សារក្នុងស្រុក បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជំរុញឱ្យមន្រ្តី និងអ្នកជំនួញ ប្រើប្រាស់រថយន្តដែលផលិតក្នុងស្រុក ជាជាងប្រើរថយន្តបរទេស។

ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ លោក ពូទីន បាននិយាយថាក្រសួង ភ្នាក់ងារ និងរដ្ឋការទាំងអស់ គួរតែជិះរថយន្តក្នុងស្រុកវិញទៅ។ «មន្ត្រីរបស់យើងទាំងអស់ អាចនឹងឆ្ងល់ចំពោះរឿងនេះ ប៉ុន្តែត្រូវដឹងថា យើងគួរតែតស៊ូអភិវឌ្ឍប្រេនរថយន្តក្នុងស្រុក និងផលិតផលក្នុងស្រុកដទៃទៀតផងដែរ»។ យ៉ាងណាក៏ដោយ លោក ពូទីន ក៏បានទទួលស្គាល់ដែរថា ការប្រើរថយន្តប្រេនក្នុងស្រុក នឹងមិនឡូយឆើតឆាយដូចប្រេនរថយន្តបរទេសនោះទេ ប៉ុន្តែលោកថានោះគឺជារឿងល្អមួយ។

គួរដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ទីផ្សាររថយន្តរុស្ស៊ី បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការផ្អាកសកម្មភាពរបស់ក្រុមហ៊ុនរថយន្តធំៗដូចជា Volkswagen, Mercedes-Benz និង Nissan បន្ទាប់ពីប្រទេសនេះឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញ វាបែរជាផ្តល់ឱកាសដល់ប្រេនរថយន្តរុស្ស៊ី និងប្រេនចិន ក្នុងទីផ្សារប្រទេសនេះទៅវិញ។

ទិន្នន័យមួយចេញផ្សាយកាលពីថ្ងៃទី៤ ខែសីហា បង្ហាញថា ការលក់រថយន្តនៅក្នុងប្រទេសរុស្ស៊ី ក្នុងខែកក្កដា ឆ្នាំ២០២៣ បានកើនឡើង ១៦៨,៨% ឯណោះស្មើនឹងចំនួនជាង ៩ម៉ឺន ៥ពាន់គ្រឿង បើប្រៀបធៀបនឹងខែកក្កដា ឆ្នាំ២០២២ ដែលលក់បានត្រឹមជាង ៣ម៉ឺន ៥ពាន់គ្រឿង៕

ដកស្រង់ពី៖Sabay