បណ្តាញសង្គម

ជោគជ័យជាទីសាទរ! Oliva Kong ឈ្នះពានដ៏ឆ្នើម ក្រោយដឹកនាំម៉ូដែលច្រើនរូបហោះទៅបង្ហាញម៉ូដដល់វៀតណាម

ជាមោទកភាពដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់ជនរួមជាតិខ្មែរ ក្រោយពេលអ្នកច្នៃម៉ូដ និងជាគ្រូបង្វឹកការដើរម៉ូដដ៏ល្បី Oliva Kong បានទទួលភាពជោគជ័យថ្មីលើឆាក Fashion ដោយទទួលបានពាន "Best International Designer Award 2023” នៅក្នុងប្រទេសវៀតណាម។

លោក Oliva Kong ដែលមានឈ្មោះពិត ម៉ែន សីហា បានដឹកនាំកុមារកម្ពុជា រួមទាំងតារាម៉ូដែលផ្សេងទៀតសរុបចំនួន ២៦ រូប ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយបានបង្ហាញឈុតឥតខ្ចោះជាច្រើន Collection បែបអាពាហ៍ពិពាហ៍ ចេញពីការច្នៃម៉ូដផ្ទាល់ KALKIN S/S Collection 2023 ឡើងលើឆាកអន្តរជាតិ នៅក្នុងកម្មវិធី Vietnam International Junior Fashion Week ដែលធ្វើឡើងនៅប្រទេសវៀតណាម។

សរុបទាំងកម្ពុជា មានប្រទេសទាំងអស់ចូលរួមចំនួន ១២ និងអ្នកច្នៃម៉ូដចំនួន ២២ រូប។ អ្វីដែលជាលទ្ធផលជាទីសាទរ នោះ គឺអ្នកច្នៃម៉ូដ Oliva Kong ដែលតំណាងឲ្យកម្ពុជាបានទទួលកិត្តិយសអស្ចារ្យ ដោយបានឈ្នះពានរង្វាន់ "Best International Designer Award 2023”។ ថ្លែងពីទឹកចិត្ត លោក Oliva Kong បាននិយាយថាខ្លួនពិតជារំភើបយ៉ាងខ្លាំងសម្រាប់ជោគជ័យមួយនេះក្នុងនាមជា Designer ម្នាក់ ហើយកាន់តែមានមោទកភាពក្រៃលែងនោះ គឺខ្លួនបានដឹកនាំកុមារតូចៗ និងតារាម៉ូដែលជាច្រើនឡើងលើឆាកម៉ូដលំដាប់អន្តរជាតិនៅពេលនេះ។

បន្ថែមពីលើនេះលោក Oliva ក៏មិនភ្លេចក្នុងការសម្ដែងការអរគុណដល់តារាម៉ូដែល ក៏ដូចជាក្រុមការងារដែលបានចូលរួមជាផ្នែកសំខាន់ ធ្វើឲ្យជោគជ័យនេះកើតឡើងបាន៕

ដកស្រង់ពី៖ Sabay