បណ្តាញសង្គម

អ៊ីរ៉ាក់រាំងខ្ទប់ការចូលប្រើប្រាស់កម្មវិធីផ្ញើសារ Telegram ក្រោយរកឃើញថាមានលេចធ្លាយទិន្នន័យសំខាន់ៗមួយចំនួន

(បរទេស)៖ ថ្មីៗនេះក្រសួងទូរគមនាគមន៍របស់ប្រទេសអ៊ឺរ៉ាក់ បានរាំងខ្ទប់ការប្រើប្រាស់កម្មវិធីផ្ញើសារ Telegram ដែលជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយលើកឡើងពីពីកង្វល់សន្តិសុខជាតិ និងការបំពានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។ កម្មវិធីផ្ញើសារ Telegram ត្រូវបានគេស្គាល់ថាជាកម្មវិធីដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតក្នុងប្រទេសអ៊ឺរ៉ាក់ និងជាកម្មវិធីចែករំលែកព័ត៌មានថ្មីៗ និងជាទីទុកចិត្តសម្រាប់ប្រជាជនអ៊ឺរ៉ាក់ទាំងមូល។

តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា ក្រសួងទូរគមនាគមន៍របស់អ៊ឺរ៉ាក់បានស្នើសុំឱ្យកម្មវិធី Telegram «បិទនូវភ្លេតហ្វមមួយចំនួនដែលត្រូវបានគេរកឃើញថា បានលេចធ្លាយនូវទិន្នន័យផ្លូវការរបស់ស្ថាប័នរដ្ឋ និងទិន្នន័យរបស់ប្រជាពលរដ្ឋ» ប៉ុន្តែក្នុងករណីនេះ Telegram មិនបានឆ្លើយតប នឹងធ្វើតាមសំណើរនោះឡើយ។

ហេតុនេះហើយទើបបានជារដ្ឋាភិបាលអឺរ៉ាក់សម្រេចរាំងខ្ទប់ការប្រើប្រាស់ Telegram មួយរយៈជាមួយនឹងការតាមដានពិនិត្យស្ថានការណ៍ជាប្រចាំ ហើយថាវាអាចនឹងលុបចោលការទប់ស្កាត់ ប្រសិនបើ Telegram ចាត់វិធានការដើម្បីដោះស្រាយកង្វល់ដែលបានលើកឡើង។ គួរជម្រាបដែរថា មូលហេតុដែលឈានដល់ការរាំងខ្ទប់ការប្រើប្រាស់កម្មវិធីផ្ញើសារ Telegram នេះគឺបន្ទាប់ពីរកឃើញថាមានការលួចចូលយកទិន្នន័យពី Channel ផ្លូវការរបស់ស្ថាប័នរដ្ឋ និង Channel មួយចំនួនធំរបស់អ្នកប្រើប្រាស់ដោយក្នុងនោះរួមមាន ឈ្មោះ អាស័យដ្ឋាន និងទំនាក់ទំនងគ្រួសាររបស់ប្រជាជនអ៊ឺរ៉ាក់៕

ដកស្រង់ពី៖Fresh New