បណ្តាញសង្គម

តារាសម្ដែង ៣ដួង កំពុង​ចាប់​ដៃគ្នា​បង្កើត​ក្រុមសម្ដែង​ថ្មី ដើម្បី​បម្រើអារម្មណ៍​មហាជន

តារាសម្ដែងប្រុស លឹម ជាឡាយ ឈុន ភក្ដី និងលោក ខេន វាសនា កំពុងចាប់ដៃគ្នាបង្កើតក្រុមកំប្លែងមួយ ដោយកៀរគររកអ្នកមានថ្មីមាត់ និងទេពកោសល្យក្នុងវិស័យសម្ដែង ដើម្បីបម្រើអារម្មណ៍មហាជនបន្ថែមលើអាជីពរបស់ខ្លួនសព្វថ្ងៃ។

បន្ថែមលើការប្រកាសជ្រើសរើសតួសម្ដែងបន្ថែមតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នេះ លោក ខេន វាសនា ហៅនាយកង្កែប បានប្រាប់Sabay ថា រូបលោកទាំងបីនាក់ គឺជាក្បាលម៉ាស៊ីន សម្រាប់និពន្ធ និងដឹកនាំសម្ដែងដោយផ្ទាល់ ដើម្បីដាក់នៅPage រួមមួយ មុននឹងបញ្ចេញទៅលើPage ផ្ទាល់ខ្លួនដែលកំពុងរកលុយបានដូចគ្នា។ នាយកង្កែប បញ្ជាក់ថា ខ្សែភាពយន្ដខ្លីៗដែលក្រុមលោកនឹងថតភាគច្រើន គឺជារឿងបែបកំប្លែងបង្កប់នូវការអប់រំ។

លោក និងក្រុមការងារ កំពុងពន្លឿនលើការងារនេះ ដោយបង្កើតឲ្យចេញជាផេករួមមួយសិន បន្ទាប់មកជ្រើសរើសតួសម្ដែង ខណៈដែលសម្ភារៈចេញថត និងឆ្អឹងរឿងមួយចំនួនត្រូវបានលោករៀបចំរួចហើយ។ បើតាមតារាសម្ដែងរូបនេះ ទាំងរូបលោក នាយក្ដី និងលោក លឹម ជាឡាយ នឹងឆ្លៀតពេលឲ្យបានច្រើនលើការងារផ្ទាល់ខ្លួននេះ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា បើទោះបីជាបច្ចុប្បន្ន ឬថ្ងៃខាងមុខទៅពួកលោកមានការងារសម្ដែងច្រើនតាមផលិតកម្មផ្សេងៗក្ដី។

តាមរយៈទេពកោសល្យសម្ដែងរបស់តារាទាំងបីដួងនេះ ត្រូវបានគេមើលឃើញថា នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន៕

ដកស្រង់ពី៖ Sabay