បណ្តាញសង្គម

ម៉ង់ ចាន់កញ្ញា ត្រូវមហាជនស្ដាប់សំឡេងដឹងពេលឡើងច្រៀង ទើបធ្លាយដល់រឿងបញ្ហាសុខភាព

តាមរយៈការឡើងបកស្រាយសំនៀងមរតកដើមលើឆាកតន្ដ្រីរបស់ស្ថានីយទូរទស្សន៍ហង្សមាសកាលពីយប់មិញ ម៉ង់ ចាន់កញ្ញា ត្រូវបានអ្នកគាំទ្រសម្គាល់បាន ឬចាប់សំឡេងបានថា សំឡេងមិនសូវស្រឡះ ទើបធ្លាយដល់ដំណឹងថា កញ្ញាមានបញ្ហាសុខភាព។

តារាចម្រៀងស្រីសម្រស់បាន ម៉ង់ ចាន់កញ្ញា បានលើកយកបទ “ភ្នំនាងកង្រី” ដែលជាសំនៀងដើមរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា មកច្រៀងក្នុងកម្មវិធីផ្សាយផ្ទាល់របស់ស្ថានីយដ៏ពេញនិយមផ្នែកសិល្បៈ កម្យាន្ដមួយនេះ។ ក្រោយចុះពីលើឆាក កញ្ញា បានបង្ហោះវីដេអូ ភ្ជាប់ជាមួយចំណងជើងបទចម្រៀងដែលកញ្ញាទើបបានបកស្រាយនោះ។

ភ្លាមៗ មានអ្នកគាំទ្រ ពោលសរសើរថា សំឡេងនៅតែផ្អែមពីរោះ ហើយសម្រស់កាន់តែស្រស់ស្អាត។ ប៉ុន្ដែផ្ទុយពីអ្នកគាំទ្រជាច្រើន មានអ្នកគាំទ្រម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ Famer Land និយាយថា៖ “ដូចអត់ស្រឡះ”។ ភ្លាមៗ ម៉ង់ ចាន់កញ្ញា ក៏តបវិញថា៖ “ច៎ាស! ព្រោះខ្ញុំមានបញ្ហាសុខភាព”។ ទោះជាយ៉ាងណា កញ្ញា មិនបានបញ្ជាក់ថា នាងកំពុងតែមានជំងឺអ្វីនោះទេ៕

ដកស្រង់ពី៖ Sabay