បណ្តាញសង្គម

Apple ប្រកាសបញ្ចុះតម្លៃ iPhone 15 ក្នុងប្រទេសចិនរហូតដល់ ៧០ដុល្លារ ក្រោយចំនួនលក់ក្នុងសប្តាហ៍ទី១ ធ្លាក់ចុះដល់ ៣០ភាគរយ

(បរទេស)៖ ថ្មីៗនេះ គេហទំព័រផ្លូវការរបស់ Apple ក្នុងប្រទេសចិនបានបង្ហោះការផ្តល់ជូនជាពិសេស គ្រប់ម៉ូដែល iPhone 15 នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥ភាគរយក្នុងមួយគ្រឿងដែលគិតជាប្រាក់មានតម្លៃ ៧០ដុល្លារឯណោះ។

ការប្រកាសនេះពិតជាគួរឱ្យភ្ញាក់ផ្អើលដោយ Apple មិនត្រឹមតែមិនដំឡើងថ្លៃក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបញ្ចុះតម្លៃថែមទៀត ខណៈទីផ្សារក្រៅពីប្រទេសចិននៅតែដំឡើងថ្លៃធម្មតា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ការផ្តល់ជូនដ៏កម្រនេះនឹងមានចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយ Apple បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន។

ការផ្លាស់ប្តូរនេះបានកើតឡើងចំពេល Apple កំពុងរងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូរប្រជែងប្រទេសចិន ដូចជា Huawei និង Xiaomi ជាដើម។ ការបញ្ចុះតម្លៃនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការប្រកួតប្រជែងកាន់តែខ្លាំង និងការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងនៃអ្នកប្រើប្រាស់ជនជាតិចិនក្នុងការសម្រេចចិត្តទិញ iPhone គួបផ្សំនឹងរដ្ឋាភិបាលចិនកំពុងហាមប្រាមការប្រើប្រាស់ផងដែរ។

ទាក់ទិននឹងបញ្ហានេះ ប្រភពពីអ្នកវិភាគ Jefferies បាននិយាយនៅក្នុងកំណត់ត្រាអតិថិជនថា ការលក់ iPhone 15 របស់ប្រទេសចិនបានធ្លាក់ចុះជាគំហុកដល់ទៅ ៣០ភាគរយគិតត្រឹមសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ខណៈក្រុមហ៊ុនប្រកួតប្រជែង Huawei កំពុងមានសន្ទុះគាំទ្រជាខ្លាំងក្រោយចេញលក់ Huawei Mate 60 របស់គេ៕

ដកស្រង់ពី៖Fresh New