បណ្តាញសង្គម

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ​ជួយ​ស្តារ​អាជីវកម្ម​ក្នុង​វិ​ស័​យ​ទេសចរណ៍​នៅ​កម្ពុជា

សាក់ អ៊ីម៉ា អាជីវករលក់វត្ថុអនុស្សាវរីយ៍នៅផ្សារចាស់ក្នុងខេត្តសៀមរាបបានកត់សម្គាល់ថា ការលក់ដូររបស់ខ្លួនមានភាពប្រសើរឡើងជាមុន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការកាលពីខែវិច្ឆិកាឆ្នាំមុន។

ដោយលក់វត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ រាប់ចាប់ពីចានរូបចម្លាក់ គំនូរអង្គរ សម្លៀកបំពាក់ និងក្រមា អ៊ីម៉ាបាននិយាយថា ថ្មីៗនេះ ការលក់របស់នាងបានកើនឡើងប្រហែល៥០ ភាគរយនៅថ្ងៃធម្មតា ហើយកើនឡើងទ្វេដងនៅថ្ងៃបុណ្យ។

នាងបានប្រាប់ Xinhua ក្នុងបទសម្ភាសន៍ថ្មីៗនេះថា “បច្ចុប្បន្នការលក់គឺល្អ ប្រសើរជាងអំឡុងពេល COVID-19″។ «ខ្ញុំរកចំណូលបានប្រហែល១០០ ដុល្លារក្នុងមួយថ្ងៃ ហើយក្នុងពេលបុណ្យទានខ្ញុំអាចរកចំណូលរហូតដល់ ២០០ដុល្លារក្នុងមួយថ្ងៃ»។

អាជីវករវ័យ៣៣ ឆ្នាំរូបនេះជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងអ្នកទេសចរកាន់តែច្រើនមកកាន់ខេត្តសៀមរាប។

នាងបានបន្តថា “ខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរបរទេសនឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន ព្រោះថាជាមួយនឹងអាកាសយានដ្ឋានថ្មី អ្នកដំណើរអាចហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប”។ «ពេលមានភ្ញៀវទេសចរច្រើន អ្នកលក់ដូចយើងពិតជាសប្បាយចិត្តខ្លាំងណាស់»។

នាងបានលើកឡើងទៀតថា នាងចង់ឃើញការត្រលប់មកវិញដ៏ច្រើនរបស់ភ្ញៀវទេសចរចិន ដោយពួកគេជាច្រើនចូលចិត្តទិញវត្ថុអនុស្សាវរីយ៍។ ឡាន សុផាត មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាកូរ៉េបាននិយាយថា អាកាសយានដ្ឋានថ្មីបាននាំអ្នកធ្វើដំណើរមកខេត្តសៀមរាបកាន់តែច្រើន ដោយជួយធ្វើឱ្យអាជីវកម្មក្នុងខេត្តមានភាពរស់រវើកឡើងវិញ។

គាត់បានប្រាប់ Xinhua ថា “ឥឡូវនេះ សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានបើកដំណើរការឡើងវិញ ដោយសារចំនួនអ្នកទេសចរកាន់តែច្រើនឡើងបានមកទស្សនាប្រាសាទអង្គរវត្ត” ។ “សម្រាប់អ្នកទេសចរចិន ខ្ញុំបានកត់សម្គាល់ឃើញថា មានការកើនឡើងបន្តិចម្តងៗ បន្ទាប់ពី COVID-19 ត្រូវបានគ្រប់គ្រង”។

គាត់មានទំនុកចិត្តថា ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ នឹងក្លាយជាកម្លាំងចលករមួយទៀតសម្រាប់កំណើនទេសចរណ៍នៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប។

ទេស វង្សស័ក្តិ អ្នករត់រ៉ឺម៉កកង់បីបានយល់ស្របថា ចំនួនភ្ញៀវទេសចរបានកើនឡើងចាប់តាំងពីអាកាសយានដ្ឋានថ្មីបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន។

គាត់បានបន្តថា “អាកាសយានដ្ឋានថ្មីនេះមានភាពស្រស់ស្អាត និងធំ ហើយខ្ញុំគិតថាវានឹងជួយពង្រឹងអាជីវកម្មក្នុងវិស័យទេសចរណ៍ឡើងវិញ ព្រោះវាបានទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន” ។

គាត់បាននិយាយទៀតថា ខ្លួនបានដឹកក្រុមភ្ញៀវទេសចរបរទេសពីរបីក្រុមជារៀងរាល់ថ្ងៃទៅទស្សនាប្រាសាទនៅឧទ្យានអង្គរ ដោយទទួលបានប្រាក់ចំណូលប្រចាំថ្ងៃប្រហែល ២០ ដុល្លារ។ “ក្នុងរយៈពេលវែង ខ្ញុំគិតថាអាកាសយាន្តដ្ឋាននេះនឹងដើរតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងខេត្តសៀមរាប”។

ជាមួយនឹងផ្លូវរត់ប្រវែង ៣៦០០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E បច្ចុប្បន្នគឺជាអាកាសយានដ្ឋានដ៏ធំបំផុតនៅប្រទេសកម្ពុជា ហើយក៏ជាច្រកទ្វារសំខាន់ទៅកាន់ឧទ្យានបុរាណវិទ្យាអង្គរ ដែលជាគោលដៅទេសចរណ៍ពេញនិយមបំផុតរបស់ប្រទេស។

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានប្រាប់ស៊ីនហួថា “អាកាសយាន្តដ្ឋានអន្តរជាតិនេះអាចទទួលជើងហោះហើរចម្ងាយឆ្ងាយពីជុំវិញពិភពលោក”។

លោកបានបន្ថែមថា អាកាសយានដ្ឋានមិនត្រឹមតែបានលើកកម្ពស់ការតភ្ជាប់ និងប្រសិទ្ធភាពក្នុងការដឹកជញ្ជូន និងភស្តុភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញវិស័យទេសចរណ៍ផងដែរ។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ទាំង៤ដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ យោងតាមក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៤លាននាក់ រួមទាំងភ្ញៀវចិនចំនួន ៥៤០,០០០នាក់ក្នុងឆ្នាំ២០២៣។

ដកស្រង់ពី៖ KHMER TIMES