បណ្តាញសង្គម

អភិបាល​ខេត្ត​សៀមរាប​ណែនាំ​អាជ្ញាធរ​ចូលរួម​ទប់​ស្កាត់​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងកម្មវិធីផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរក្រុង ស្រុក ទាំង៥ ដើម្បីចូលរួមទប់ស្កាត់ការកើតមានឡើងនូវសំណង់ថ្មីជាយថាហេតុ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

ក្នុងកិច្ចកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អភិបាលខេត្តសៀមរាបបានណែនាំដល់អាជ្ញាធរក្រុង ស្រុក ទាំង៥ ដើម្បីចូលរួមទប់ស្កាត់ការកើតមានឡើងនូវសំណង់ថ្មីជាយថាហេតុ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ក្នុងនោះក៏មានការចូលរួមពី អភិបាលស្រុកប្រាសាទបាគង ពួក បន្ទាយស្រី អង្គរធំ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក អធិការ ក្រុង ស្រុក លោក មេឃុំ ចៅសង្កាត់ នាយកប៉ុស្តិ៍ មេភូមិ និងអ្នកពាក់ព័ន្ធនានា។

លោក ប្រាក់ សោភ័ណ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះដើម្បី ណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក ណែនាំអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមទប់ស្កាត់ និងបំពេញតួនាទីឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងនោះ ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ ដែលមានស្រាប់។

សូមរំលឹកថា បញ្ហាសំណង់ខុសច្បាប់ជារឿងដែលរស៊ើបមួយក្នុងរមណីយដ្ឋានអង្គរ។ ពលរដ្ឋតែងរអ៊ូថា អាជ្ញាធរមានការរិតត្បិតខ្ពស់ពេកក្នុងការអនុញ្ញាតឱ្យសាងសង់ និងជួសជុលផ្ទះដែលនៅតំបន់ត្រូវអភិរក្ស៕

ដកស្រង់ពី៖ KHMER TIMES