បណ្តាញសង្គម

ឆ្នាំ​២​០​២​៣​ ​រោងភាពយន្ត​ចំនួន​២​៥​ ​នៅ​កម្ពុជា​មាន​អ្នក​ទស្សនា​ប្រមាណ ​ជាង​ ​៣​លាន​នាក់​

ក្នុងឆ្នាំ២០២៣ រោងភាពយន្តចំនួន២៥ ស្មើនឹង ១១៤បន្ទប់បញ្ចាំង នៅទូទាំងប្រទេសមានអ្នកចាប់អារម្មណ៍ចូលទស្សនាប្រមាណជាង ៣លាននាក់។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ នៅកម្ពុជាមានរោងភាពយន្តចំនួន២៥ ស្ថិតនៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំងចំនួន១១៤ ស្មើនឹង ១៨ ៩០០កៅអី។

លោកបន្ថែមថា ក្នុងចំណោមបន្ទប់បញ្ចាំងទាំង១១៤ មានអ្នកចាប់អារម្មណ៍ចូលទស្សនាភាពយន្តនៅតាមរោងភាពយន្តមានប្រមាណជាង ៣លាននាក់។

លោកបន្តថា ក្នុងឆ្នាំដដែលនេះ ក្រសួងបានអនុញ្ញាតឱ្យផលិតករក្នុងស្រុកថតភាពយន្តចំនួន ៨០ចំណងជើង គឺមានភាពយន្តខ្នាតវែងសម្រាប់បញ្ចាំងតាមរោងកុនចំនួន ៣៣ចំណងជើង ប៉ុន្តែក្រៅពីនេះមានការថតជាភាពយន្តខ្នាតខ្លី ថតពាណិជ្ជកម្ម និងរឿងភាគជាដើម។

លោកថា ឆ្នាំ២០២៣ ក៏មានផលិតករបរទេសមកថតភាពយន្តនៅកម្ពុជាចំនួន ៤៤ចំណងជើង។ ក្នុងនោះមាន ៣ចំណងជើង ជាភាពយន្តខ្នាតវែង តែមិនមែនថតពេញសាច់រឿងនោះទេ គ្រាន់តែថតឈុតឆាកខ្លះៗតែប៉ុណ្ណោះ និងក្រៅពីនេះថតជាភាពយន្តឯកសារ។

លោក ប៉ុក បូរក្ស បន្ថែមថា៖ «ទន្ទឹមនឹងការកើនឡើងនៃចំនួនរោងភាពយន្ត ក៏ដូចជាចំនួនអ្នកចូលទស្សនា យើងពិនិត្យឃើញមានការកើនឡើងនៃភាពយន្តបរទេសនាំចូលជាច្រើន ដែលបានបកប្រែបញ្ចូលសំឡេងជាភាសាខ្មែរ ហើយចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាក៏មានការកើនឡើងដែរ»។

លោកបន្តថា បច្ចុប្បន្នកត្តាធនធានមនុស្ស បច្ចេកទេស ដើមទុនផលិត ការប្រកួតប្រជែងពីសំណាក់ភាពយន្តបរទេសដែលនាំចូល កត្តាទីផ្សារ និងកត្តាទំនាក់ទំនងរដ្ឋបាលផ្ទៃក្នុង គឺមិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលកត្តាទាំងនេះជាឧបសគ្គចម្បងក្នុងការរារាំងដល់ដំណើរការរីកចម្រើន នៃវិស័យភាពយន្តនៅកម្ពុជា។

ប្រធាននាយកដ្ឋានបញ្ជាក់ថា កត្តាដែលរារាំងដល់ដំណើរការរីកចម្រើននៃវិស័យភាពយន្ត ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកឯកជន និងស្ថាប័នរដ្ឋ ដើម្បីរួមគ្នាពិភាក្សា និងធ្វើការផ្លាស់ប្ដូរបទពិសោធដោយស្មារតី ឆន្ទៈ និងម្ចាស់ការ ដើម្បីជំរុញលើកកម្ពស់គុណភាពភាពយន្តឱ្យកាន់តែប្រសើរ។

ប្រធានសមាគមភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា និយាយថា កាលពីកន្លងមកប្រជាពលរដ្ឋកម្ពុជាភាគច្រើនចាប់អារម្មណ៍លើខ្សែភាពយន្តហូលីវូត ជាជាងភាពយន្តខ្មែរ ប៉ុន្តែមួយរយៈចុងក្រោយនេះប្រជាពលរដ្ឋបានចាប់ផ្ដើមគាំទ្រភាពយន្តខ្មែរជាងមុន។

លោកថា ការទស្សនាភាពយន្តបរទេសច្រើនជាងភាពយន្តខ្មែរ ព្រោះអ្នកទស្សនាភាគច្រើនតែងរករោងភាពយន្តដែលទំនើបៗ មានបន្ទប់ផាសុកភាព សំឡេងច្បាស់ល្អ និងមានកៅអីល្អ ជាពិសេសពួកគេជាកូនអ្នកមានធ្លាប់រៀននៅសាលាអន្តរជាតិ រៀននៅបរទេស ដូច្នេះពួកគេចូលចិត្តមើលរឿងបរទេសជាងរឿងខ្មែរ។

លោកបន្តថា ចំពោះយុវជនដែលមានចំណូលមធ្យម និងក្រោមមធ្យម បើពួកគេទៅមើលរឿងហូលីវូត ភាគច្រើនមិនសូវចេះស្ដាប់ភាសាបរទេស ដូច្នេះគាត់មើលរឿងបកប្រែ និងរឿងខ្មែរ ប៉ុន្តែក៏មានមួយចំនួនចូលចិត្តមើលរឿងបរទេសដែរ។

លោក ឆាយ ប៉ូរ៉ា ថ្លែងថា បច្ចុប្បន្នភាពយន្តខ្មែរនៅមានកម្រិតដោយសារខ្វះខាតហិរញ្ញវត្ថុក្នុងការផលិត ខ្វះបច្ចេកទេស និងខ្វះការគាំទ្រ ហើយអ្នកដែលមានសមត្ថភាពសរសេររឿង គឺពួកគេទទួលកម្រៃបានតិចតួច ដូច្នេះពួកគេមិនសរសេរសម្រាប់ផលិតភាពយន្តនោះទេ ប៉ុន្តែងាកទៅសរសេរសៀវភៅវិញ៕

ដកស្រង់ពី៖ KHMER TIMES