បណ្តាញសង្គម

រដ្ឋាភិបាល​កម្ពុជា​បង្កើត​ក្រុង​រុន​តា​ឯក​តេជោ​សែន​ ​នៅ​ខេត្ត​សៀមរាប

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង នេះបើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១១ ខែមករា និងចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

អនុក្រឹត្យបានបញ្ជាក់ថា ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ ទីតាំងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ស្ថិតក្នុងសង្កាត់រុនតាឯក និងរដ្ឋបាលស្រុកបន្ទាយស្រី ស្ថិតក្នុងឃុំខ្នារសណ្តាយ។

រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៃក្រុងរុនតាឯកតេជោសែន ត្រូវអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ១៨២ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

អនុក្រឹត្យបន្តថា ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងតាឯកតេជោសែន ត្រូវអនុលោមតាមមាត្រា ១៨ ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ នៃច្បាប់ថ្មី ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ។

ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងអនុក្រឹត្យ ថា ការបង្កើតក្រុងរុនតាឯកតេជោសែន មានប្រសិទ្ធភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំអាណត្តិទី៤។

ដកស្រង់ពី៖ KHMER TIMES