បណ្តាញសង្គម

ស្ពាន​ផ្លូវ​កង់​ប្រាសាទ​តាកែវ​ ​បង្កើត​បរិយាកាស​ថ្មី​សម្រាប់​អ្នក​ជិះកង់​

អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានសម្រាប់ជិះកង់ នៅតាមបណ្តោយស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែងាយស្រួល។

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិយាយថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមសាងសង់ផ្លូវកង់នៅរមណីយដ្ឋានអង្គរក្នុងឆ្នាំ ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលចូលចិត្តជិះកង់។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរមានប្រវែងសរុបជាង ២៣ គីឡូម៉ែត្រ ក្នុងនោះមានស្ពានចំនួន ៤។

ស្ពានសម្រាប់ជិះកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោមទីតាំងទាំងបួនខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់ឡើង ដើម្បីបម្រើដល់អ្នកជិះកង់ ដែលជ្រើសរើសរវាងផ្លូវ ឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង ២,៥ ម៉ែត្រ និងបណ្តោយ ៦៥ម៉ែត្រ។ ស្ពានសម្រាប់ជិះកង់បីផ្សេងទៀតរួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះក៏មានស្ពានតូចៗឆ្លងកាត់កន្លែងពីរផ្សេងទៀតដូចជា កសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។

គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់នៅអង្គរ គឺដើម្បីបំបែកផ្លូវចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់ការជិះកង់ កាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវរវាងអ្នកបើកបរនិងអ្នកជិះកង់ ជាពិសេសកាត់បន្ថយការបញ្ចេញផ្សែងពីយានយន្តដែលប៉ះពាល់ដល់ប្រាសាទ។

ចំពោះរចនាបថនៃការសាងសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា លោកជ្រើសរើសការរៀបចំបែបសាមញ្ញ ស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីថ្មី និងលេចធ្លោ ស្របតាមគោលគំនិតរបស់អ្នកគ្រប់គ្រង ដែលការអភិរក្សដើរទន្ទឹមនឹងការអភិវឌ្ឍន៍។

លោក សុសិលា ក៏បានស្នើឱ្យភ្ញៀវទេសចរចូលរួមលើកកម្ពស់ការជិះកង់នៅតំបន់អង្គរឲ្យបានច្រើន ដើម្បីផ្លាស់ប្តូរបរិស្ថាន ព្រោះការជិះកង់ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ទស្សនា ឬសិក្សាពីធម្មជាតិជុំវិញ ជាពិសេសលុបបំបាត់ផ្សែងពុល ដែលប៉ះពាល់ដល់ការអភិរក្សប្រាសាទ។

ដកស្រង់ពី៖ KHMER TIMES