បណ្តាញសង្គម

​ក្រសួង​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​រៀបចំ​ម​ហោ​ស្រប​សត្វស្លាប​និង​ធម្មជាតិ​ ​លើក​ទី​២

នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានសហការជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងមហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) រៀបចំមហោស្របសត្វស្លាប និងធម្មជាតិ លើកទីពីរ ក្រោមប្រធានបទ “ផ្ទះសម្រាប់យើងទាំងអស់គ្នា”។

មហោស្របសត្វស្លាប និងធម្មជាតិ លើកទី២ បានប្រព្រឹត្តិទៅកាលពីថ្ងៃច័ន្ទ ក្រោមអធិបតីភាព លោកបណ្ឌិត ស្រី ស៊ុនលាង អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋាននៃតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន និងមានការចូលរួមពីបណ្តាអង្គការដៃគូជាតិ និងអន្តរជាតិនានា ដូចជា អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) អង្គការអង្គការអភិរក្សអន្តរជាតិ (CI) អង្គការ Wild Earth Allies (WEA) អង្គការ Wildlife Conservation Society (WCS), អង្គការ Wildfowl and Wetlands Trust (WWT) គម្រោង USAID Morodok Baitang អង្គការ Fishing Cat អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) សមាគមន៍មគ្គុទេ្ទសក៍សត្វស្លាបកម្ពុជា សហព័ន្ធកីឡាតៃក្វាន់ដូ អាយ ធី អែហ្វ កម្ពុជា ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា បក្សីកម្ពុជា Youth AGE ក្រុមតន្ត្រី យឹង យន ព្រមទាំងនិស្សិត និងសាធារណជនប្រមាណ ៣០០នាក់ និងជាពិសេសក៏មានការចូលរួមពីសំណាក់កីឡាករ និងកីឡាការិនីដ៏ឆ្នើម គឺលោក ប៉ាល់ ជីវ័ន្ត និង លោកស្រី ស្រីប៉ាល់ ឆរស្មី ផងដែរ។

ព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ចំនួន៣៖ ១) ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអង្គការជាតិ និងអន្តរជាតិ ស្តីពីការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដល់សិស្សានុសិស្ស ២) បញ្ជ្រៀបការយល់ដឹងជាសាធារណៈ ក្នុងការទប់ស្កាត់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ និង ៣) កាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកហួសប្រមាណ។

ដកស្រង់ពី៖ ខ្មែរថាមស៍