បណ្តាញសង្គម

វត្ថុសិល្បៈ​ក្វាត​ជិត ៧០០០គ្រាប់​ដែល​រកឃើញ​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់ នឹង​ត្រូវដាក់តាំង​បង្ហាញ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន ៦៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។

ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី មានប្រសាសន៍ថា វត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។

វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ(កែវណាំហ្វាន) Amethyst ពណ៌លឿង(ស៊ីទ្រីន) Citine និងពណ៌សថ្លា (គ្រីស្តាល់) Crystal។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញនូវវត្ថុមួយចំនួនទៀត ដែលបានមកពីកន្លែងតែមួយនៅប្រាសាទកណ្ដាលស្រះស្រង់ដែរដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។ លោក គុន ផល្លី ឱ្យដឹងទៀតថា ការតាំងបង្ហាញពិព័រណ៍ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិល្បៈ វត្ថុសក្ការៈសម្រាប់បញ្ចុះនៅគ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់របស់ជាតិខ្មែរផង។ ជារៀងរាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តែងតែបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះគឺជាចំណុចមួយដ៏ពិសេសសម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ សាធារណជន អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស ចូលទស្សនាសារមន្ទីរឱ្យបានកាន់តែច្រើន៕

ដកស្រង់ពី៖Sabay News