បណ្តាញសង្គម

អាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បើកកម្មវិធីអប់រំបេតិកភណ្ឌ នៅសាលាបឋមសិក្សាវត្តលលៃ

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការបេតិកភណ្ឌខ្មែរ បានបើកកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារសម្រាប់ឆ្នាំសិក្សា ២០២៤ នៅសាលាបឋមសិក្សាវត្តលលៃ ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងទំនាក់ទំនង បានមានប្រសាសន៍ថា គោលបំណងនៃកម្មវិធីអប់រំបេតិកភណ្ឌនេះ គឺដើម្បីផ្តល់ឱកាសដល់កុមារដែលរស់នៅ និងសិក្សានៅតំបន់បេតិកភណ្ឌ បានដឹងថាពួកគេកំពុងរស់នៅក្នុងតំបន់ដ៏វិសេសវិសាល និងដើម្បីឱ្យកូនចៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរយល់ពីតួនាទីរបស់ខ្លួន ក្នុងនាមអ្នកស្នងតំណពីបុព្វបុរស ក្នុងការថែរក្សា និងការពារបេតិកភណ្ឌជាតិ។

“ប្រជាជនរស់នៅក្នុងតំបន់អង្គរគួរមានមោទនភាពចំពោះខ្លួនឯង ដែលកើតក្នុងទឹកដីនៃប្រាសាទបុរាណដែលមានតម្លៃអន្តរជាតិ និងមានការកោតសរសើរខ្ពស់ ដូចជារូបប្រាសាទអង្គរវត្តត្រូវបានដាក់នៅលើទង់ជាតិកម្ពុជាជាច្រើនជំនាន់មកហើយ។ ដូច្នេះ យើងខ្ញុំជាម្ចាស់តំបន់ដ៏ពិសិដ្ឋនេះ ត្រូវតែមានឆន្ទៈក្នុងការសិក្សា និងស្វែងយល់ពីវប្បធម៌ និងអរិយធម៌របស់យើង ដើម្បីរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌”។

សម្រាប់សិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តលលៃ ដែលនឹងចូលរួមក្នុងកម្មវិធីអប់រំបេតិកភណ្ឌនាពេលនេះ មានសិស្សថ្នាក់ទី៤ និងទី៥ សរុបចំនួន ៦៩នាក់។

គួរកត់សម្គាល់ថា កម្មវិធីអប់រំបេតិកភណ្ឌបាននិងកំពុងដំណើរការនៅទីតាំងចំនួនពីរ គឺសាលាបឋមសិក្សាវត្តលលៃ និងសាលាបឋមសិក្សាក្របីរៀល។ ជាទូទៅ កម្មវិធីអប់រំបេតិកភណ្ឌមានរយៈពេលប្រាំបួនខែក្នុងមួយឆ្នាំ។

ដកស្រង់ពី៖ ខ្មែរថាមស៍