បណ្តាញសង្គម

កម្ពុជា​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ៥,៤​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣

ក្រសួងទេសចរណ៍បានបង្ហាញនៅក្នុងរបាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៤៣ លាននាក់ ក្នុងឆ្នាំ២០២៣ ដែលកើនឡើងខ្ពស់ដល់ ១៣៩ ភាគរយ ពី ២,២៧លាននាក់ ក្នុងឆ្នាំ២០២២។

ប្រភពបានគូសបញ្ជាក់ថា ប្រទេសថៃបានឈរកំពូលតារាងក្នុងចំណោមភ្ញៀវបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន ១,៨២ លាននាក់ តាមពីក្រោយដោយប្រទេសវៀតណាម (១,០១ លាននាក់) ចិន (៥៤៧ ៧៨៩នាក់) ឡាវ (៣៧២ ២៨៥នាក់) និងសហរដ្ឋអាមេរិក (១៨៤ ៧៨០នាក់)។

របាយការណ៍ដដែលបានបន្ថែមថា ភ្ញៀវទេសចរបរទេសសរុបចំនួន ១,៨៦ លាននាក់បានមកដល់កម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ ខណៈភ្ញៀវទេសចរផ្សេងទៀត បានចូលប្រទេសតាមច្រកព្រំដែនគោក និងតាមផ្លូវទឹក ។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ។

យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៧ លាននាក់ នៅឆ្នាំ២០២៥ លើសពីមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ដែលមានចំនួន ៦,៦ លាននាក់ ក្នុងឆ្នាំ២០១៩។

ប្រទេសកម្ពុជា មានភាពល្បីល្បាញចំពោះរមណីដ្ឋានបេតិកភណ្ឌវប្បធម៌ពិភពលោក ដូចជា ឧទ្យានបុរាណអង្គរក្នុងខេត្តសៀមរាប ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ និងរមណីដ្ឋានបុរាណសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។

ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា មានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តភាគនិរតីចំនួន ៤ គឺ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង។

របាយការណ៍បានឲ្យដឹងថា កាលពីឆ្នាំមុនចំនួនភ្ញៀវទេសចរបរទេសកម្ពុជាបានកើនឡើង ៨៧ ភាគរយ គឺចំនួន ១,៨១ លាននាក់៕

ដកស្រង់ពី៖ ខ្មែរថាមស៍