បណ្តាញសង្គម

សមាជិកសភាថៃជំរុញការចរចាបើកច្រកចូលប្រាសាទព្រះវិហារ

សមាជិកសភាគណបក្សភឿថៃនៅខេត្តស៊ីសាកេត ចង់ឲ្យនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាថាវីស៊ីន ពិភាក្សាអំពីលទ្ធភាពចូលទៅកាន់ប្រាសាទព្រះវិហារ ក្នុងអំឡុងកិច្ចប្រជុំនាពេលខាងមុខជាមួយសមភាគីកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ច្រកចូលទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ពីស្រុកកាន់ថារ៉ាឡាក់ នៃខេត្តស៊ីសាកេត ត្រូវបានបិទតាំងពីឆ្នាំ២០០៨ នៅពេលដែលសកម្មភាពយោធា ត្រូវបានបង្កើនរវាងភាគីទាំងសង នៅជាប់ព្រំដែន។

ការប៉ះទង្គិចគ្នាដោយយោធាដែលបានកើតឡើង ក្នុងឆ្នាំ២០១១ ត្រូវបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន៣៤នាក់ ។ ពីរឆ្នាំក្រោយមក តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា ដីដែលនៅជាប់នឹងប្រាសាទនៅខាងកើត និងខាងលិចជារបស់កម្ពុជា។ សេចក្តីសម្រេចឆ្នាំ១៩៦២ ដែលបានបញ្ចប់វិវាទអស់ជាច្រើនទស្សវត្ស បានបញ្ជាក់ថា ផ្នែកខាងត្បូងនៃប្រាសាទគឺជាទឹកដីកម្ពុជា ហើយផ្នែកខាងជើងជារបស់ថៃ។

បណ្ឌិត ភូមីន លីធីរ៉ាប្រាសើត (Phumin Leethiraprasert)សមាជិកសភាគណបក្សភឿថៃ មណ្ឌលលេខ៤ ប្រចាំខេត្តស៊ីសាកេត មានប្រសាសន៍ថា សមាជិកសភាខេត្តគ្រោងនឹងជម្រាបជូនលោក សេដ្ឋា នៅថ្ងៃពុធ អំពីបញ្ហាខ្មែរ-ថៃ។

លោកបានថ្លែងថាសមាជិកសភាសង្ឃឹមថាមេដឹកនាំទាំងពីរអាចយល់ព្រមលើការបើកទេសចរណ៍ឡើងវិញជុំវិញតំបន់ប្រាសាទព្រះវិហារ។

លោកបណ្ឌិត ភូមីន បានថ្លែងថា៖ «ការបើកឡើងវិញដែលរង់ចាំអស់រយៈពេលជាយូរ គឺអាស្រ័យលើការចរចារវាងនាយករដ្ឋមន្ត្រីទាំងពីរ»។ “ខ្ញុំជឿថា ការបើកទេសចរណ៍ឡើងវិញជុំវិញតំបន់ប្រាសាទ ឆ្លុះបញ្ចាំងពីចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ដូច្នេះការបើកឡើងវិញគឺពិតជាអាចទៅរួច”។

មានការព្យាយាមដើម្បីបើកច្រកចូលទៅកាន់រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្តក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយបញ្ហានេះក៏បានទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មាធិការសភាកិច្ចការបរទេស ដែលដឹកនាំដោយសមាជិកសភាបក្សភឿថៃ លោក ណុបផាដន ផាត់ថាម៉ា (Noppadon Patama)។

កាលពីដើមខែនេះ គណៈកម្មាការបានកោះអញ្ជើញលោក អានុភុង ស៊ុកសុំនីត (Anupong Suksomnit) អភិបាលខេត្តស៊ីសាកេត និងតំណាងមកពីផ្នែកយោធា ដើម្បីផ្តល់ព័ត៌មានអំពីភាពតានតឹងនៅតាមព្រំដែន។

លោក អានុភុង បានប្រាប់អង្គប្រជុំថា អាជ្ញាធរខេត្តបានឯកភាពក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលថៃ និងកម្ពុជា ធ្វើការរួមគ្នាដើម្បីជំរុញទេសចរណ៍ជុំវិញប្រាសាទ។

យោងតាមអភិបាលខេត្តបានឱ្យដឹងថា វិស័យឯកជនក៏បានគាំទ្រចលនានេះផងដែរ ជាមួយនឹងផែនការបញ្ចុះបញ្ចូលស្ថាប័នពាណិជ្ជកម្ម និងជំនួញ ឱ្យចូលរួមក្នុងយុទ្ធនាការសម្រាប់ការស្តារទេសចរណ៍ឡើងវិញ។

លោក ណុបផាដន អតីតរដ្ឋមន្ត្រីការបរទេសក៏បានសម្តែងការគាំទ្រចំពោះការបើកឡើងវិញដែលនឹងជំរុញពាណិជ្ជកម្មតាមព្រំដែន ការវិនិយោគ និងពង្រឹងទំនាក់ទំនងរវាងប្រជាជនក្នុងតំបន់។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក ឆៃ វ៉ាឆារុង (Chai Wacharonke) បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅថ្ងៃទី៧ ខែកុម្ភៈ។ ការអភិវឌ្ឍន៍រួមគ្នានៃធនធានថាមពលក្នុងសមុទ្រនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ត្រូវបានគេនិយាយថាជាធាតុសំខាន់នៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរ៕ Bangkok Post

ដកស្រង់ពី៖ ខ្មែរថាមស៍