បណ្តាញសង្គម

Lost Connection: Underworld

Wave Tribe ពិតជារំភើបខ្លាំង ក្នុងការប្រកាសអំពីកម្មវិធី Lost Connection: Underworld ជាផ្លូវការកាលពីថ្ងៃទី ១៩ មករា កន្លងទៅនេះ។ កម្មវិធី Lost Connection: Underworld ជាប្រភេទកម្មវិធីចាក់ភ្លេងបែបតិចណូ និងតន្រ្តី House (House and Techno Music) គួបផ្សំជាមួយការរៀបចំដ៏អសា្ចរ្យ ហើយប្លែកសម្រាប់ប្រទេសកម្ពុជា។

ចំណុចចាប់ផ្តើមដំបូងរបស់ Concept កម្មវិធីគឺការជ្រើសរើសទីតាំង ពោលគឺការស្វែងរកទីតាំងដែលមនុស្សទូទៅមិនអាចស្មានដល់ រួចកែប្រែទីតាំងនោះទាំងស្រុងឱ្យក្លាយជាទីតាំងកម្មវិធីចាក់ភ្លេងមួយដែលអសា្ចរ្យ និងញ៉ាំងបរិយាកាសឱ្យអ្នកចូលរួមរាំលេងសប្បាយទៅតាមចង្វាក់ភ្លេង។ កម្មវិធី Lost Connection ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៦ នៅក្នុងក្លឹបប្រដាល់ដ៏ធំមួយនៅភ្នំពេញ បន្ទាប់មកត្រូវបានរៀបចំឡើងវិញម្ដងទៀតកាលពីខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះនៅលើកំពូល Elyseé កោះពេជ្រ។

ឆាប់ៗនេះ Lost Connection នឹងត្រលប់មកវិញម្តងទៀតជាមួយ concept កាន់តែថ្មី ប្លែកជាងមុនទៀតគឺនៅចំណតឡានជាន់ក្រោមដីនៃ Elyseé កោះពេជ្រ ដែលនឹងធ្វើឡើងនាថ្ងៃទី ២ ខែ មីនា ខាងមុខនេះ។ ទីតាំងលើកនេះកាន់តែធំជាងលើកមុនទៀត ជាមួយបរិយាកាសបែបអាគារក្រោមដី អត់ដំបូល និងចំហរនៅចំកណ្ដាលកម្មវិធី ដែលធ្វើឱ្យមានការបំផុសគំនិតរបស់កម្មវិធី និងឈ្មោះកម្មវិធីថា អាណាចក្រក្រោមដី “Underworld”។

ដោយមានការចូលរួមសហការពីដៃគូ Lost Connection: Underworld កំពុងបោះជំហានទៅមុខយ៉ាងធំសម្រាប់ការរៀបចំលើកនេះ ដោយមានការចូលរួមសហការខាងបច្ចេកទេសពី ក្រុមហ៊ុន Kilat Events ជាមួយការដំឡើងភ្លើង 360° ជុំវិញទីតាំងកន្លែងរាំ ការដាក់ភ្លើងឡាស៊ែរ និង special stage effects ផ្សេងៗ។ ឆាកកម្មវិធីនឹងត្រូវដាក់ដំឡើងជញ្ជាំង LED ដ៏ធំដែលមានកម្ពស់ ១០ ម៉ែត្រ ពីដី។ ដៃគូសហការរៀបចំកម្មវិធីមួយទៀតនោះគឺ Tribal Visual Lab ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមករួមបញ្ចូលរវាងភាពច្នៃប្រឌិត និងតថភាពជាក់ស្ដែងដើម្បីញ៉ាំងឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។

ការចាក់ភ្លេងគឺជាចំណុចលេចធ្លោមួយរបស់កម្មវិធី ដោយមានការចូលរួមពី DJ ដែលមានទេពកោសល្យ និងល្បីៗក្រោមការសហការពី Secret Guests Asia រួមមាន Mesmé ដែលជា DJ ល្បីមួយរូបនៅ Boiler Room មកពីទីក្រុង Los Angeles និង Sivanesh មកពីទីក្រុង Singapore។

បន្ថែមពីនេះទៅទៀតក៏មាន Matt FX មកពីទីក្រុង New York និង Chill Bill មកពីទីក្រុង Tunisia ហើយអ្វីដែលកាន់តែពិសេសទៅទៀតគឺការចូលរួមពីភ្ញៀវពិសេស និងជាអ្នកតំណាងតន្រ្តីអេឡិចត្រូនិកនៃប្រទេសកម្ពុជានោះគឺ DJ Maily ដែលនឹងមកបង្កើនបរិយាកាសកម្មវិធីឱ្យកាន់តែកក្រើកថែមទៀត ដោយការបង្ហាញពីទេពកោសល្យ ការស្រលាញ់ និងសមត្ថភាពរបស់គាត់ជាមួយការរៀបចំភ្លេងពិសេស (Exclusive set) សម្រាប់តែកម្មវិធី Lost Connection លើកនេះ។

Lost Connection: Underworld អាចប្រព្រឹត្តទៅបានដោយមានការចូលរួមឧបត្ថម្ភកម្មវិធីដោយ Hydro Depot, UG Marketing Republic, និង Sabay Digital។

ដកស្រង់ពី៖Sabay