បណ្តាញសង្គម

ក្រុមហ៊ុន Microsoft អះអាងថា ក្រុម Hacker រុស្សីលួចចូលប្រើគណនី Email មេដឹកនាំជាន់ខ្ពស់របស់ខ្លួន (Video inside)

(បរទេស)៖ ក្រុមហ៊ុនសូហ្វវែរយក្សអាមេរិក Microsoft បានឲ្យដឹងថា ក្រុមលួចចូលប្រព័ន្ធកុំព្យូទ័រ ឬ Hacker របស់រុស្ស៉ី បាន ចូល ប្រើ គណនីអ៊ីមែលមួយចំនួនរបស់មេដឹកនាំជាន់ខ្ពស់ និងបុគ្គលក្នុងក្រុមហ៊ុនរបស់ខ្លួន ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងជូនដំណឹងទៅកាន់បុគ្គលពី Email របស់ពួកគេ ត្រូវបានគេ Hack។

នេះបើតាមការបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។ មជ្ឈមណ្ឌលសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតរបស់ Microsoft បានបង្ហោះសារឲ្យដឹងថាយ៉ាងដូច្នេះថា «ក្រុមការងារ បានរកឃើញថា មានការវាយប្រហារលើប្រព័ន្ធសាជីវកម្មរបស់យើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ហើយភ្លាមៗក្រុមការងារចាប់ផ្តើមដំណើរការស៊ើបអង្កេត ពីសកម្មភាពនានារបស់ Hacker ដើម្បីរារាំងការវាយប្រហារ និងគំរាមកំហែងចូលប្រើបន្ថែមទៀត»។

ក្រុមហ៊ុន Microsoft បានកំណត់អត្តសញ្ញាណពួក Hacker ថាជា Midnight Blizzard ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី និងត្រូវបានគេស្គាល់ថាជា «Nobelium» ។ ក្រុម Haker «Nobelium» នេះ គឺជាក្រុមគំរាមគំហែងស្ថិតពីក្រោយការវាយប្រហារ លើសង្វាក់ផលិតកម្ម SolarWinds កាលពីឆ្នាំ២០២០ កន្លងទៅ។

ក្រុមនេះ ក៏ត្រូវបានគេដឹងថា ជាផ្នែកនៃសេវាកម្មស៊ើបការណ៍សម្ងាត់បរទេសរបស់ប្រទេសរុស្ស៊ី (SVR) ដែលគេស្គាល់ថាជាក្រុម APT29 ឬក្រុម The Dukes ឬក្រុម Cozy Bear ផងដែរ។ តែយ៉ាងណា ជុំវិញការលួចចូលប្រើគណនី Email ពីសំណាក់ក្រុម Hacker នៅពេលនេះ ក្រុមហ៊ុន Microsoft អះអាងថា គឺមាន Email មួយចំនួនតូចប៉ុណ្ណោះដែលត្រូវគេចូលប្រើ រួមមាន Email របស់សមាជិកនៃក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់, បុគ្គលិកនៅក្នុងផ្នែកសន្តិសុខតាមអ៊ីនធឺណិត និងផ្នែកច្បាប់របស់ខ្លួន។

ក្រុមហ៊ុន Microsoft បន្ថែមថា ខ្លួនកំពុងស្ថិតក្នុងដំណើរការជូនដំណឹងដល់បុគ្គលិក ពី Email របស់ពួកគេត្រូវបានពួក Hacker ចូលប្រើ។ រហូតមកទល់នឹងពេលនេ Microsoft មិនទាន់មានភស្តុតាងណាមួយ ដែលបង្ហាញថាពួក Hacker បានចូលដល់ប្រព័ន្ធរបស់អតិថិជន ឬប្រព័ន្ធ AI នោះទេ។ ជុំវិញករណីនេះ Microsoft កំពុងបើការស៊ើបអង្កេតបន្ត ហើយបន្តធ្វើការជាមួយក្រុមច្បាប់ និងនិយតករ ដោយសន្យាថានឹងចែករំលែកព័ត៌មានបន្ថែមជាសាធារណៈ នៅពេលដែលមានភាពមិនប្រក្រតីកើតឡើង៕

 

ដកស្រង់ពី៖Fresh New