បណ្តាញសង្គម

យាន​អវកាស​ជប៉ុន ចុះចត​លើ​ភព​ព្រះចន្ទ​បានមែន តែ​សល់រឿង​មួយទៀត​ដែល​ត្រូវផ្ទៀងផ្ទាត់គ្នាសិន

យានជប៉ុន បានចុះចតលើភពព្រះចន្ទបានជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ បានធ្វើឱ្យជប៉ុន ក្លាយជាប្រទេសទី៥ ដែលបញ្ជូនបេសកកម្មទៅចុះចតលើផ្ទៃដីភពព្រះចន្ទបានសម្រេច បន្ទាប់ពីអាមេរិក រុស្ស៊ី ចិន និងឥណ្ឌា។

ភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននិយាយថា យានរបស់ពួកគេបានចុះចតដោយសន្សឹមៗនៅលើរយៈកម្ពស់ខ្ពស់ បានជោគជ័យ ប៉ុន្តែនៅសល់រឿងមួយទៀត គឺពួកគេត្រូវរង់ចាំព័ត៌មានបញ្ជូនពីយាននោះមកសិន ថាតើវាបានចុះចតនៅក្នុងរង្វង់ ១០០ម៉ែត្រនៃទីតាំងដែលបានកំណត់ ឬអត់។ អង្គការអវកាសជប៉ុននេះ ក៏បានបង្ហាញក្តីបារម្ភផងដែរថា បន្ទះសូឡាដែលបំពាក់លើយានចុះចតនោះ ជួបបញ្ហាបច្ចេកទេសមិនអាចបង្កើតថាមពលបានឡើយ ខណៈថាមពលអាគុយរបស់វា ប្រើប្រាស់មិនគ្រប់ឡើយ។

យ៉ាងណាមិញ ភ្នាក់ងារ JAXA អះអាងថា ខ្លួននឹងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងពេលយាននោះកំពុងមានថាមពលប្រើប្រាស់ ហើយបញ្ជាក់ទៀតថា ទោះជាយាននោះអស់ថាមពលក៏ពិតមែន ប៉ុន្តែបេសកកម្មមិនបានបញ្ចប់ឡើយ ព្រមទាំងរំពឹងថា បន្ទះសូឡា នឹងអាចធ្វើការឡើងវិញបាន។ សូមជម្រាបថា កាលពីខែកញ្ញា ឆ្នាំ២០២៣ ជប៉ុនបានបាញ់បង្ហោះយានអវកាសទៅកាន់ភពព្រះចន្ទតាមរយៈគ្រាប់រ៉ុកកែតដែលផលិតក្នុងស្រុក H-IIA ដោយបានដឹកយានចុះចតមួយឈ្មោះថា SLIM (Smart Lander for Investigating Moon) ឬហៅថា «Moon Sniper»។

ក្នុងបេសកម្មដែលចំណាយ ១០០លានដុល្លារនេះ ភ្នាក់ងារអវកាសជប៉ុនមានគោលបំណងធំមួយគឺធ្វើយ៉ាងណាឱ្យការចុះចតស្ថិតក្នុងភាពត្រឹមត្រូវកម្រិតខ្ពស់ ពោលគឺមិនឱ្យយានចុះចតនៅឆ្ងាយលើសពីចម្ងាយ១០០ម៉ែត្រ ពីទីតាំងដែលបានកំណត់នោះទេ។ មានន័យថា «ចង់ចុះចតកន្លែងណាក៏បាន ឱ្យតែខ្លួនចង់»។ តាមគម្រោង យាននេះត្រូវដាក់ឱ្យចុះចតនៅជិតតំបន់មួយហៅថា Mare Nectaris។ បន្ទាប់ពីចុះចត យាននេះនឹងធ្វើការវិភាគសមាសភាគថ្មភពព្រះចន្ទនៅទីតាំងនោះ ដើម្បីស្វែងយល់ពីប្រភពនៃការកកើតឡើងរបស់ភពព្រះចន្ទ៕

ដកស្រង់ពី៖Sabay