បណ្តាញសង្គម

ទទួលបានដំណឹងមកថាក្រុមហ៊ុន Huawei នឹងផ្តាច់ខ្លួនចេញពីប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលឆាប់ៗខាងមុខនេះ

(បរទេស)៖ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីផែនការទម្លាក់ការគាំទ្រសម្រាប់កម្មវិធី Android នៅក្នុងកំណែចុងក្រោយបំផុតនៃ HarmonyOS របស់ខ្លួន ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួននៅចុងឆ្នាំ២០២៤ ខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។ ចាប់តាំងពីបង្កើត HarmonyOS ក្នុងឆ្នាំ២០១៩ ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Huawei បានអនុញ្ញាតឱ្យកម្មវិធីដែលបង្កើតឡើងសម្រាប់ Android ប្រើប្រាស់នៅកម្មវិធីស្មាតហ្វូនរបស់ខ្លួនជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយប្រភពពីប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុក្នុងស្រុក Caixin បានរាយការណ៍ថា វានឹងមិនអាចទៅរួចក្នុងការផ្តល់ជូន HarmonyOS Next នាពេលខាងមុខនោះទេ ដោយសារតែក្រុមហ៊ុនសម្លឹងមើលការបំបែកចេញពីប្រព័ន្ធប្រតិបត្តិការ Android និងជំរុញប្រព័ន្ធអេកូសូហ្វវែរផ្ទាល់ខ្លួនជំនួសវិញ។

ប្រភពពី Caixin ដដែលបានគូសបញ្ជាក់ថា ក្រុមហ៊ុន Huawei គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកាសបង្ហាញកំណែ Harmony OS Next របស់ខ្លួនជាផ្លូវការនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤ នេះអមដោយកំណែពាណិជ្ជកម្មនៅក្នុងត្រីមាសទី៤ ហើយនឹងធ្វើឡើងនៅក្នុងទីក្រុង Shenzhen ប្រទេសចិនផ្ទាល់តែម្តង។ ដោយឡែកចំពោះពេលវេលាជាក់លាក់ Huawei នៅមិនទាន់មានការបញ្ជាក់នោះទេ។ គួរជម្រាបដែរថា គិតមកត្រឹមរយៈពេល ៥ខែកំណើននៃការប្រើប្រាស់កំណែ Harmony OS បានកើនឡើងខ្ទង់ ១០០លានគ្រឿង ហើយគិតជាចំនួនរបស់របស់ក្រុមហ៊ុន Huawei ឥឡូវនេះមានឧបករណ៍សរុបជាង ៨០០លានគ្រឿងកំពុងប្រើប្រាស់ រួមទាំងផលិតផលពី Developer ផងដែរ៕

ដកស្រង់ពី៖Fresh New