បណ្តាញសង្គម

អាចទេ iPhone 16 នឹងបន្ថែមការឌីហ្សាញ់បញ្ចូលប៊ូតុងកាមេរ៉ាថ្មី?

(បរទេស)៖ បើតាមរបាយការណ៍ថ្មីមួយពីសារព័ត៌មាន The Information បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងតែតេស្តសាកល្បងមុខងារកាមេរ៉ាថ្មីមួយ ដើម្បីបញ្ចូលទៅក្នុងស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនឆ្នាំនេះ គឺ iPhone 16។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Verge។ បើតាមរបាយការណ៍បានបន្ថែមថា ប៊ូតុងកាមេរ៉ានោះ អាចស្ថិតនៅផ្នែកខាងក្រោម និងខាងស្តាំដៃនៃទូរស័ព្ទ ដែលនឹងអនុញាតឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការថតរូបភាព និងវីដេអូ ដោយគ្រាន់តែដាក់ម្រាមដៃលើប៊ូតុងថ្មីនោះ។

យ៉ាងណាមិញ ពាក្យចចាមអារ៉ាមអំពីប៊ូតុងកាមេរ៉ាថ្មីនេះ មិនមែនជារឿងចម្លែកនោះទេ ត្បិតថាវាបានលេចធ្លាយឡើង តាំងពីខែកញ្ញាមកម្ល៉េះ នៅពេលដែលគេហទំព័រ MacRumors បានរាយការណ៍អំពីមុខងារដែលក្រុមហ៊ុន Apple កំពុងអភិវឌ្ឍន៍។ ជាពិសេស សូម្បីតែអ្នកវិភាគស្មាតហ្វូនដ៏ល្បី គឺ Mark Gurman មកពី Bloomberg ក៏ធ្លាប់បញ្ជាក់ថា វាអាចទៅរួច ដែលថា Apple នឹងបន្ថែមប៊ូតុងចុងថ្មីនេះលើស្មាតហ្វូន។

គួរជម្រាបថា នេះគ្រាន់តែជារបាយការណ៍ពីអ្នកវិភាគស្មាតហ្វូនល្បីៗប៉ុណ្ណោះ ប៉ុន្តែជុំវិញដំណឹងនេះ ខាងក្រុមហ៊ុន Apple មិនបានចេញមកបញ្ជាក់ និងធ្វើការឆ្លើយតបណាមួយឡើយ។ តែយ៉ាងណា ប្រសិនបើរបាយការណ៍នេះជាការពិត នោះមានន័យថា វាជាការបន្ថែមប៊ូតុងលើកទី២ហើយទៅលើ iPhone ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាលពីឆ្នាំមុន គឺ iPhone 15 Pro និង iPhone 15 Pro Max ក្រុមហ៊ុន Apple បានបញ្ចូលប៊ូតុងចុង ដើម្បីបើកបិទសំឡេង ជំនួសមុខងារ Mute សំឡេងដូចរាល់ដង៕

ដកស្រង់ពី៖Fresh New