បណ្តាញសង្គម

Realme កំណត់មហិច្ចតាខ្ពស់ដាក់លក់ទូរស័ព្ទ Note ថ្មីឱ្យបានចំនួន ១០លានគ្រឿងក្នុងឆ្នាំនេះ

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនចិន Realme គ្រោងចេញលក់ទូរស័ព្ទ Note ចំនួនពីរបន្ថែមទៀតនៅចុងឆ្នាំនេះ ជាមួយនឹងគោលដៅលក់រហូតដល់ទៅ ១០លានគ្រឿងឯណោះ។

ខណៈទូរស័ព្ទ Realme Note 50 ដែលចេញផ្សាយដំបូងគេ Realme បញ្ជាក់ថា នឹងចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះតទៅ ដោយឡែកចំពោះទីផ្សារនានានឹងដាក់លក់តាមក្រោយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ លោក Francis Wong នាយកប្រតិបត្តិ និងជានាយកទីផ្សារសកលនៃក្រុមហ៊ុន Realme Europe បានឱ្យដឹងថា Realme Note 50 គឺជាស្មាតហ្វូនដែមានតម្លៃមធ្យមជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Realme។ លោកបានបញ្ជាក់ថា បើនិយាយដល់ទូរស័ព្ទ Note របស់ក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងទៀតគឺ ស្ថិតក្នុងចំណោមទូរស័ព្ទដែលមានតម្លៃថ្លៃ និងជាម៉ូដែលទំនើប។

ដោយឡែកចំពោះ Realme Note 50 វិញគឺ ក្រុមហ៊ុនផលិតឡើងក្នុងគោលបំណងផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីក្នុងតម្លៃសមរម្យ តែផ្តោតលើគុណភាពខ្ពស់ ហើយក្រុមហ៊ុនជឿជាក់ថា ទូរស័ព្ទ Note ទាំងបីដែលនឹងប្រកាសចេញនាពេលឆាប់ៗខាងមុខនេះ នឹងធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនដែលមានតម្លៃមធ្យម នឹងអាចឈានដល់ចំនួនលក់សរុប ១០លានគ្រឿងពេញមួយឆ្នាំ២០២៤នេះ។

បើតាមរបាយការណ៍ចេញផ្សាយបានគូសបញ្ជាក់ថា Realme Note 50 រួមទាំងទូរស័ព្ទ Note ទាំងពីរផ្សេងទៀតនឹងចេញមកជាមួយនឹងគុណភាពខ្ពស់គួរឱ្យភ្ញាក់ផ្អើល រូបរាងឌីហ្សាញស្មាតប្លែក និងបរិក្ខាមានគុណភាពខ្ពស់ជាង បើប្រៀបធៀបទៅនឹងស្មាតហ្វូនគូប្រជែងរបស់ Realme នៅលើផ្សារ។ ពោលគឺ Realme នឹងចាប់ផ្តើមវាយលុកចូលទីផ្សារស្មាតហ្វូនតម្លៃមធ្យម តាមរយៈការផ្តល់ជូនកាន់តែអស្ចារ្យជាងមុន៕

ដកស្រង់ពី៖Fresh New