បណ្តាញសង្គម

អាជ្ញាធរ​គ្រោង​អភិរក្សនិងអភិវឌ្ឍ​ក្នុងរមណីយដ្ឋាន​ប្រាសាទកោះកេរ ក្រោយចុះ​ក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក

ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញចុះពិនិត្យ តាមដាន និងពិភាក្សាគម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ មានដូចខាងក្រោម៖

ផែនការអភិរក្សប្រាសាទបាក់ ផែនការរៀបចំផ្លូវវង់ទស្សនានៅត្រពាំងអង្គខ្នារ ការងារអភិរក្សនៅប្រាសាទបន្ទាយពីរជាន់ ផែនការអភិរក្សនៅប្រាសាទក្រចាប់ ពិនិត្យការដ្ឋានធ្វើជណ្តើរឡើងប្រាសាទប្រាង្គ ពិនិត្យមើលទីតាំងសមរម្យដែលអាចធ្វើសមាធិនិងយូហ្គាសម្រាប់ភ្ញៀវទេសចរណ៍ ពិនិត្យមើលការងាររៀបចំសាងសង់ចំណតនៅជិតប្រាសាទធំ ពិនិត្យមើលការងារសាងសង់ជណ្តើរឡើងប្រាសាទប្រាង្គ។

សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។ យោងតាមស្ថិតិភ្ញៀវទេសចរចេញផ្សាយដោយអាជ្ញាធរជាតិព្រះវិហារ ឱ្យដឹងថា ក្នុងឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរសរុបចំនួន ជាង ១០ម៉ឺន ៥ពាន់នាក់ ក្នុងនោះភ្ញៀវជាតិមានជាង ៩ម៉ឺននាក់ និងភ្ញៀវបរទេសជាង ១ម៉ឺន ៤ពាន់នាក់៕

ដកស្រង់ពី៖ Sabay News