បណ្តាញសង្គម

​សត្វ​ត្មាតភ្លើង​ជំទង់​មួយ​ក្បាល​ត្រូវ​បាន​ព្រ​លែង​ចូល​ទៅ​ក្នុង​ជម្រក​ធម្មជាតិ​របស់​វា​វិញ

កាលពីខែឧសភា ឆ្នាំ២០២៣ សត្វត្មាតភ្លើងជំទង់មួយក្បាល (Sarcogyps calvus) ត្រូវបានជួយសង្គ្រោះតាមរយៈការរួមសហការគ្នាពីសមាជិកក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមាន មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ប្រចាំកម្ពុជា (WWF-Cambodia) និង មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។

សត្វត្មាតនេះមានរបួសជាច្រើនកន្លែង ហើយបានប្រឈមនឹងបញ្ហាជាច្រើនក្នុងរយៈពេលនៃដំណើរការស្តារនីតិសម្បទារបស់វា ដែលបានធ្វើឡើងនៅ ACCB ។

យ៉ាងណាក៏ដោយ នៅដើមឆ្នាំ ២០២៤ បាននាំមកនូវដំណឹងល្អសម្រាប់សត្វត្មាតជំទង់នេះ នៅទីបំផុតវាត្រូវបានព្រលែងចូលទៅក្នុងជម្រកធម្មជាតិរបស់វាវិញ នៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព ។

ការលែងសត្វត្មាតនេះ អាចធ្វើទៅបានតាមរយៈការសហការជាមួយដៃគូគម្រោងរបស់ពួកយើងគឺ ក្រុមហ៊ុន Rising Phoenix និង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ។

មុនពេលលែងសត្វត្មាតបានចំណាយពេលជាច្រើនសប្តាហ៍នៅទីតាំងបិទជិតដើម្បីធ្វើឱ្យវាស៊ាំជាមួយនឹងបរិស្ថានជុំវិញខ្លួនវា ។ លើសពីនេះទៅទៀត សត្វត្មាតត្រូវបានបំពាក់ដោយឧបករណ៍បញ្ជូនសញ្ញា/ ទិន្ន័យ GPS/ GSM សូមអរគុណចំពោះការជួយគាំទ្ររបស់ក្រុមហ៊ុន Rising Phoenix ។

ឧបករណ៍បញ្ជូនសញ្ញា/ ទិន្ន័យ នេះនឹងអនុញ្ញាតឱ្យមានការសង្កេតតាមដានក្រោយពេលលែង និង ការប្រមូលទិន្នន័យអំពីអាកប្បកិរិយា និង ជីវសាស្រ្ដរស់នៅ របស់ប្រភេទសត្វនេះ ។ ព័ត៌មានទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិរក្សប្រភេទសត្វនេះ ។

ការជួយសង្គ្រោះ ការស្តារនីតិសម្បទា និង ការលែងសត្វត្មាតនេះ បង្ហាញឱ្យឃើញពីសារៈសំខាន់នៃក្រុមការងារ អភិរក្សសត្វត្មាតកម្ពុជា (CVWG) និង កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការអភិរក្សនៅកម្ពុជា ដើម្បីការពារជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេស។

ដកស្រង់ពី៖ ខ្មែរថាមស៍