បណ្តាញសង្គម

សមាជិកគណបក្សភឿថៃជំរុញអោយមានការពិភាក្សាបើកច្រកចូលប្រាសាទព្រះវិហារ

សមាជិកសភារគណបក្សភឿថៃនៅខេត្តស៊ីសាកេត នឹងស្នើសុំឱ្យលោក Srettha Thavisin នាយករដ្ឋមន្ត្រី ពិភាក្សាអំពីលទ្ធភាពនៃការបើកឡើងវិញនូវច្រកចូលប្រាសាទព្រះវិហារ ក្នុងអំឡុងជំនួបនាពេលខាងមុខជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ច្រកចូលទៅកាន់ប្រាសាទព្រះវិហារពីស្រុក Kantharalak ខេត្តស៊ីសាកេត ត្រូវបានបិទតាំងពីឆ្នាំ២០០៨ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកងទ័ពថៃ និងកម្ពុជា។

លោក Phumin Leethiraprasert សមាជិកសភារគណបក្សភឿថៃនៃខេត្តស៊ីសាកេត បាននិយាយថា សមាជិកសភាត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីនៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីបញ្ហាកម្ពុជា-ថៃ មុនពេលដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែកុម្ភៈ ក្នុងពេលឆាប់ៗនេះ។

លោកបានបន្តថា សមាជិកសភានឹងឆ្លៀតឱកាសស្នើសុំលោក Srettha ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា អំពីការបើកសកម្មភាពទេសចរណ៍ឡើងវិញនៅជុំវិញប្រាសាទព្រះវិហារ។

លោកបានលើកឡើងទឿតថា “ការបើកច្រកចូលឡើងវិញគឺអាស្រ័យលើការពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ។

ខ្ញុំជឿថាការបើកទេសចរណ៍ឡើងវិញជុំវិញបរិវេណប្រាសាទនេះនឹងឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរ ដូច្នេះការបើកច្រកឡើងវិញប្រហែលជាអាចធ្វើទៅបាន” ។

កិច្ចពិភាក្សាដើម្បីបើកច្រកចូលទៅប្រាសាទព្រះវិហារត្រូវបានលើកឡើងជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយប្រធានបទនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មាធិការសភាកិច្ចការបរទេស ដែលដឹកនាំដោយសមាជិកសភាបក្សភឿថៃ លោក Noppadon Patama។

កាលពីដើមខែនេះ គណៈកម្មាការបានកោះហៅលោក Anupong Suksomnit អភិបាលខេត្តស៊ីសាកេត និងក្រុមយោធា ផ្តល់ព័ត៌មានអំពីស្ថានភាពនៅតាមព្រំដែន។ លោក Anupong បានជម្រាបអង្គប្រជុំថា អាជ្ញាធរខេត្តបានឯកភាពក្នុងកិច្ចប្រជុំកាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលថៃ និងកម្ពុជាធ្វើការរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅជុំវិញប្រាសាទ។

យោងតាមលោកអភិបាលខេត្ត វិស័យឯកជនក៏បានគាំទ្រដល់ចំណាត់ការនេះ ដើម្បីបញ្ចុះបញ្ចូលស្ថាប័នពាណិជ្ជកម្មឱ្យចូលរួមជាថ្មីក្នុងយុទ្ធនាការសម្រាប់វិស័យទេសចរណ៍នេះ។

លោក Noppadon អតីតរដ្ឋមន្ត្រីការបរទេសក៏បានសម្តែងការគាំទ្រចំពោះការបើកឡើងវិញនៃច្រកចូលដែលនឹងជំរុញពាណិជ្ជកម្មតាមព្រំដែន ក៏ដូចជារួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជនក្នុងតំបន់។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃនៅថ្ងៃទី ៧ ខែកុម្ភៈ ដោយក្នុងអំឡុងពេលនោះនាយករដ្ឋមន្ត្រីទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការអភិវឌ្ឍន៍រួមគ្នានៃធនធានថាមពលនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA)។ Bangkok Post

ដកស្រង់ពី៖ ខ្មែរថាមស៍