បណ្តាញសង្គម

ត្រៀម​ទទួល​យករថយន្តម៉ាស៊ីន​ចំហេះ​អ៊ីដ្រូសែន​ឱ្យហើយទៅ ព្រោះ BMW Honda និង Hyundai សុទ្ធតែយល់ឃើញដូចគ្នា

ក្រុមហ៊ុនផលិតរថយន្តធំៗ បានចាប់ផ្តើមមើលឆ្ងាយហួសពីរថយន្តអគ្គិសនីទៅទៀត ដែលមិនប៉ះពាល់ដល់បរិស្ថាន នោះគឺពួកគេបានយល់ឃើញដូចគ្នាលើរថយន្តប្រើម៉ាស៊ីនចំហេះក្នុងអ៊ីដ្រូសែន ដែលជាជម្រើសបន្ទាប់ដ៏ធំបំផុត។

លោក Mark Freymueller អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចរថយន្តពាណិជ្ជកម្មសាកលរបស់ក្រុមហ៊ុន Hyundai Motor បាននិយាយក្នុងកិច្ចសម្ភាសន៍មួយនៅព្រឹត្តិការណ៍ CES 2024ថា «យើងមើលឃើញអ៊ីដ្រូសែន ដើរតួនាទីសំខាន់ក្នុងឧស្សាហកម្មទំនិញធុនធ្ងន់ ខណៈបច្ចេកវិទ្យានេះ សក្តិសមចំពោះរថយន្តដឹកទំនិញធំៗ។ មិនតែប៉ុណ្ណោះ វាក៏ងាយស្រួលដល់ការបើកចម្ងាយឆ្ងាយ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យថាមពលនេះ។ ត្រង់ចំណុចនេះ គេនឹងអាចយកវាធ្វើជាគម្រូសម្រាប់រថយន្តគ្រួសារនាពេលអនាគត។»

ចំណែកប្រធានក្រុមហ៊ុន Honda Motor ប្រចាំអឺរ៉ុប លោក Inoue Katsushi បាននិយាយថា ក្នុងទស្សនៈរបស់លោកមើលឃើញថា យុគសម័យរថយន្តអគ្គិសនី មកមុន ហើយដំណាក់កាលបន្ទាប់ គឺជារថយន្តចំហេះអ៊ីដ្រូសែន គ្រាន់តែវាត្រូវការចំណាយពេលច្រើនទៀត ជាពិសេសគឺត្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់វាសិន។ ថ្មីៗនេះដែរ ក្រុមហ៊ុន BMW ក៏បានធ្វើតេស្តរថយន្តអ៊ីដ្រូសែនជាហូរហែមកដែរ។

លោក Milan Nedeljkovic បានប្រាប់ Top Gear ថា «អ៊ីដ្រូសែន នៅតែជាជម្រើសដ៏សំខាន់មួយ។ នោះហើយជាមូលហេតុដែលយើងមានរថយន្តអ៊ីដ្រូសែនជាច្រើនគ្រឿង បានធ្វើតេស្ត និងប្រឹងប្រែងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យានេះបន្ថែមទៀត។ ក្រៅពីនេះ ក្រុមហ៊ុន Toyota ក៏បានចាប់ផ្តើមគម្រោងអភិវឌ្ឍម៉ាស៊ីនចំហេះក្នុងអ៊ីដ្រូសែនផងដែរ បន្ទាប់ពីធ្វើតេស្តរថយន្តប្រើម៉ាស៊ីនប្រភេទនេះរួចមកហើយ។ Toyota បានលើកឡើងថា រថយន្តអគ្គិសនី មិនមែនជាដំណោះស្រាយការមិនបញ្ចេញផ្សែងតែមួយនោះទេ៕

ដកស្រង់ពី៖Sabay