អាជ្ញាធរជាតិអប្សរា កំពុងកំណាយស្រះទិសអាគ្នេយ៍ប្រាសាទបាយ័ន ក្នុងបំណងដាក់ទឹកបញ្ចូលស្រះនេះឡើងវិញ បន្ទាប់ពីគោករីងទឹកយូរមកហើយ។
ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុនគឺជារចនាសម្ពន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះ ស្ដុកទឹក ឱ្យមានឡើងវិញ ដូចកាលពីសម័យបុរាណ។
បុរាណវិទូអាជ្ញាធរជាតិអប្សរា លោក ខៀវ ច័ន្ទ លើកឡើងថា កំណាយដែលក្រុមការងារ កំពុងធ្វើនៅពេលនេះ គឺជាកំណាយសង្គ្រោះដែលជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ សម្រាប់សិក្សា ដើម្បីចង់ដឹងឱ្យប្រាកដ ថាតើរចនាសម្ពន្ធ របស់ស្រះកាលពីសម័យបុរាណមានទំហំប៉ុណ្ណា? តើមានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ? ហើយ តើអាចម៍ដីដែលលុបស្រះនេះ គឺជាដីដែលហូរច្រោះមកតាមទឹកឬ ក៏ជាអាចម៍ដី ដែលគេចាក់លុបនៅក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី?។
តាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា នៅពេលសិក្សារួចរាល់ អាជ្ញាធរនឹងរៀបចំរកប្រព័ន្ធបង្ហូរទឹក ចូលស្រះនៅបាយ័នឱ្យមានទឹកដូចសម័យបុរាណឡើងវិញ ដែលជាសោភ័ណភាពសម្រាប់ ប្រាសាទបុរាណមួយនេះ៕
ដកស្រង់ពី៖ ខ្មែរថាមស៍