បណ្តាញសង្គម

បើកឡាន​សុខៗ​ស្រាប់តែលោត​សញ្ញា​ធុងសាំង ដឹងអត់ថា​អ្នកអាចបើកបាន​ប៉ុន្មានគីឡូទៀតទើបឡានរលត់?

កង្វល់ដ៏ធំមួយរបស់អ្នកបើកបររថយន្ត គឺនៅពេលឃើញលោតសញ្ញាធុងសាំងក្នុងកុងទ័រម្តងៗ ដែលបញ្ជាក់ថា រថយន្តសល់សាំងក្នុងកម្រិតទាបបំផុតដែលតម្រូវឱ្យចាក់បំពេញជាបន្ទាន់។

យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងស្ថិតនៅឆ្ងាយពីការ៉ាស់សាំងហើយឃើញសញ្ញាធុងសាំងនេះ ប្រាកដជាធ្វើឱ្យអ្នកមានអារម្មណ៍មិនស្ងប់ឡើយ ព្រោះខ្លាចរលត់រថយន្តកណ្តាលផ្លូវ។ ការពិតទៅ នៅពេលលោតចេញសញ្ញាធុងសាំងនេះម្តងៗ វាបង្ហាញថា កម្រិតសាំងគឺនៅសល់ប្រមាណពី ១០ ទៅ ១៥ភាគរយនៃចំណុះធុងសាំងរថយន្តនីមួយៗ ដែលអនុញ្ញាតឱ្យអ្នកអាចបើកបរបានរាប់សិបគីឡូម៉ែត្រទៀត ទើបអស់សាំងតែម្តង នេះបើយើងនិយាយតែការបើកបរលើផ្លូវដែលមិនមានការកកស្ទះ។

មានការសិក្សាមួយទៅលើរថយន្តចំនួន ៥០ម៉ូឌែលដែលលក់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៥ ដែលបង្ហាញពីចម្ងាយបើកបរ ក្រោយចេញសញ្ញាធុងសាំង។ ទោះជាយ៉ាងនេះក្តី រថយន្តស៊េរីចាស់ៗ ឬទំនើបជាងនេះ ក៏ប្រហែលមិនខុសគ្នាប៉ុន្មានដែរ។ ក្នុងនោះយើងសូមលើយក Toyota Camry ដែលបន្ទាប់ពីចេញសញ្ញាធុងសាំង គឺនៅសល់សាំងក្នុងធុងប្រមាណ ៩,៨លីត្រទៀត និងអាចបើកបានចម្ងាយប្រហែល ១០០គីឡូម៉ែត្រឯណោះ។

សូមមើលតារាងខាងក្រោមបន្ថែម៖ ទោះក្នុងស្ថានភាពបែបណាក៏ដោយ យើងសូមណែនាំថា កុំព្យាយាមប្រថុយបើកបរទាំងសាំងក្នុងកម្រិតទាបឱ្យសោះ ព្រោះប្រសិនបើអ្នកបើករហូតទាល់តែសាំងស្ងួតអស់ វាអាចនឹងបង្កផលប៉ះពាល់រថយន្ត ពោលគឺសាំងកាន់តែជិតអស់ បូមសាំងនឹងបូមដោយទាំងកំណកកម្ទេចកម្ទីដែលស្ថិតនៅបាតធុង ដែលអាចធ្វើឱ្យខូចបូមសាំង និងតម្រងសាំង ព្រមទាំងសំបុកឃ្មុំផងដែរ៕

ដកស្រង់ពី៖Sabay