បណ្តាញសង្គម

តុលាការកំណត់ថ្ងៃឡេីងសវនាការ​ ជុំវិញរឿងក្តី​Google «បំពានទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល»

(បរទេស)៖ ចៅក្រមសហព័ន្ធអាមេរិក នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានកំណត់យកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទ សម្រាប់ការចាប់ផ្តើមនៃដំណើរការកាត់ក្តី ជុំវិញបណ្តឹងមួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងរដ្ឋផ្សេងៗទៀត ដែលបានប្តឹងក្រុមហ៊ុន Google ថាបានរំលោភបំពាន់លើទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ បណ្តឹងនេះបានដាក់ ក្នុងខែមករា ឆ្នាំ២០២៣កន្លងទៅ បានចោទប្រកាន់ក្រុមហ៊ុន Google ថាបានធ្វើទីផ្សារផ្តាច់មុខ សម្រាប់ការផ្សាយពាណិជ្ជកម្មឌីជីថល និងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងផ្សេងទៀត ខណៈរដ្ឋាភិបាលបាននិយាយថាក្រុមហ៊ុនយក្យ Google គួរតែត្រូវបានបង្ខំឱ្យលក់មុខងារ ad manager suite ចោល។

ងាកមក Google បានបដិសេធការអះអាងនេះ ហើយបាននិយាយថា ប្រសិនបើការប្តឹងនេះទទួលបានជោគជ័យ គឺនឹងធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការបង្កើតថ្មី, ដំឡើងថ្លៃផ្សាយពាណិជ្ជកម្ម និងធ្វើឱ្យពិបាកសម្រាប់អាជីវកម្មខ្នាតតូច និងអ្នកផ្សព្វផ្សាយរាប់ពាន់នាក់ផ្សេងទៀត។ តែយ៉ាងណា ជុំវិញដំណឹងនេះ ទាំងតំណាងក្រុមហ៊ុន Google និងក្រសួងយុត្តិធម៌ កាលពីថ្ងៃច័ន្ទបានបដិសេធ មិនធ្វើអត្ថាធិប្បាយអំពីកាលបរិច្ឆេទនៃការកាត់ក្តីនេះឡើយ។ គួរជម្រាបថា ក្រៅពីរឿងក្តីនេះ Google ក៏ប្រឈមមុខនឹងការកាត់ក្តីមួយផ្សេងទៀត នៅខែមីនា ឆ្នាំ២០២៥ ខាងមុខ ជុំវិញបណ្តឹងស្រដៀងគ្នានេះ ដែលនឹងធ្វើឡើងនៅតុលាការសហព័ន្ធសហរដ្ឋអាមេរិកក្នុងរដ្ឋតិចសាស់៕

ដកស្រង់ពី៖Fresh New