បណ្តាញសង្គម

ក្រុមហ៊ុន Google យល់ព្រមបង់ប្រាក់ ៣៥០លានដុល្លារ ដើម្បីបញ្ចប់រឿងក្តី «ទិន្នន័យឯកជនភាពម្ចាស់ភាគហ៊ុន»

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet បានយល់ព្រមបង់ប្រាក់ពិន័យចំនួន៣៥០លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងរបស់ម្ចាស់ភាគហ៊ុន ដែលបានប្តឹងក្រុមហ៊ុននេះ ពាក់ព័ន្ធនឹងទិន្នន័យឯកជន។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ដំណោះស្រាយនេះ បានកើតឡើងកាលពីល្ងាចថ្ងៃច័ន្ទសប្តាហ៍នេះ ក្រោយតុលាការសហព័ន្ធ San Francisco ចេញសេចក្តីសម្រេច និងបន្ទាប់ពីមានការសម្របសម្រួលអស់រយៈពេលជាង១ឆ្នាំ។ តាមរយៈបណ្តឹងគឺបានឲ្យដឹងថា ក្រុមហ៊ុន Google បានដឹងថាមានបញ្ហាធ្វើឲ្យបែកធ្លាយទិន្នន័យឯកជនរបស់ម្ចាស់ភាគហ៊ុនតាំងពីអំំឡុងខែមីនា ឆ្នាំ២០១៨មកម្ល៉េះ ខណៈទិន្នន័យទាំងនោះ គឺចំពោះអ្នកប្រើប្រាស់កម្មវិធី Google+ ប៉ុន្តែក្រុមហ៊ុនបានលាក់បាំងបញ្ហានេះជាច្រើនខែ ស្របពេលដែលក្រុមហ៊ុននៅតែធានាអះអាងថា នឹងការពារទិន្នន័យឯកជនឲ្យបានល្អ។

ក្រោយមានព័ត៌មាននេះកើតឡើង បានធ្វើឲ្យភាគហ៊ុនរបស់ Alphabet ដែលជាមេធំរបស់ Google ធ្លាក់ចុះជាបន្តបន្ទាប់ និងបានបាត់បង់តម្លៃទីផ្សាររាប់សិបពាន់លានដុល្លារ។ តែយ៉ាងណា នៅពេលនេះ បញ្ហាគឺត្រូវបានដោះស្រាយហើយ តាមរយៈទឹកប្រាក់ ៣៥០លានដុល្លារ៕

ដកស្រង់ពី៖Fresh New