បណ្តាញសង្គម

ត្រឹមរយៈពេលដ៏ខ្លី Spotify ទទួលបានចំនួនអ្នកប្រើប្រាស់សរុប ៦០០លាននាក់ឯណោះ ខណៈពេលដែលក្រុមហ៊ុនជាច្រើនផ្សេងទៀតកំពុងជួបការខាតបង់

(បរទេស)៖ កម្មវិធីចាក់តន្រ្តីរបស់ស៊ុយអែត Spotify បានរាយការណ៍មកថា កំណើនអ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ខ្លួនក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ កន្លងទៅនេះ បានកើនលើសពីការរំពឹងទុកដោយចំនួនអ្នកប្រើប្រាស់សកម្មសរុបបច្ចុប្បន្ននេះបានឈានដល់ចំនួន ៦០២លាននាក់ជាលើកដំបូង ដែលដំណាងឱ្យការកើនឡើងប្រមាណ ២៣ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ដោយឡែកក្រៅតែពីកំណើននៃអ្នកប្រើប្រាស់ Spotify បានបញ្ជាក់ថា សម្រាប់ប្រាក់ចំណូល និងប្រាក់ចំណេញឆ្នាំនេះក៏ទទួលបានច្រើនគួរសមផងដែល ដោយបានបញ្ជូនភាគហ៊ុនរបស់ខ្លួនកើនឡើងដល់ខ្ទង់ ៨ភាគរយឯណោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមតារាងកំណើនអ្នកប្រើប្រាស់របស់ Spotify បានធ្វើឱ្យអ្នកវិភាគជាច្រើនមានការភ្ញាក់ផ្អើលខណៈការរំពឹងទុកមុនត្រីមាសទី៤ នៃឆ្នាំ២០២៣ មានត្រឹមតែ ៦០១.៣៣លាននាក់ប៉ុណ្ណោះ។ ត្រឹមតែរយៈពេល ៣ខែចុងក្រោយនេះ ចំនួននៃអ្នកប្រើប្រាស់ Spotify បានកើនឡើងជាគំហុកខ្ទង់ ២៨លាននាក់ ដោយក្នុងនោះចំនួនអ្នកប្រើប្រាស់សេវាកម្មបង់ប្រាក់ ឬ Premium Subscribers កើនឡើង ១៥ភាគរយនៃចំនួនអ្នកប្រើប្រាស់សរុប ២៣៦លាននាក់ នឹងអ្នកប្រើប្រាស់ទូទៅដែលភា្ជប់ជាមួយមុខងារផ្សាយពាណិជ្ជកម្ម (Ad-Supported MAUs) បានកើនឡើង ២៨ភាគរយដែលឈានដល់ចំនួនអ្នកប្រើប្រាស់ ៣៧៩លាននាក់។

ក្នុងចំណោមនៃកំណើនទាំងអស់នេះ ដកស្រង់តាមរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញថា Spotify បានរក្សាកំណើនប្រចាំឆ្នាំនៅគ្រប់តំបន់ទាំងអស់ តែក្នុងនោះអាមេរិកឡាទីនមានភាពប្រសើរជាងគេ។ យ៉ាងណាមិញបើងាកមកផ្នែកហិរញ្ញវត្ថុរបស់ Spotify វិញក៏មិនធម្មតាដែល ដោយប្រាក់ចំណូលពេញមួយឆ្នាំមានចំនួន ៣.៧ពាន់លានអឺរ៉ូ (ប្រហែល ៣.៩៤ពាន់លានដុល្លារ) ដែលស្មើនឹង ១៦ភាគរយច្រើនជាងឆ្នាំ២០២២។ ដោយឡែកចំពោះប្រាក់ចំណូលប្រតិបត្តិការបានធ្លាក់ចូលទៅក្នុងពណ៌ក្រហមជាមួយនឹងការខាតបង់ចំនួន ៧៥លានអឺរ៉ូ (ប្រហែល ៨០លានដុល្លារ) ប៉ុន្តែក្រុមហ៊ុន Spotify បានអួតថា ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួននឹងឈានដល់កម្រិតខ្ពស់បំផុតដែលអាចរកបានប្រហែល ៥០១លានអឺរ៉ូ (ប្រហែល ៥៣៩លានដុល្លារឯណោះ)។

គួរជម្រាបដែរថា នេះគឺជោគជ័យដ៏ធំរបស់ Spotify ស្របពេលដែលក្រុមហ៊ុនយក្សជាច្រើនផ្សេងទៀតជុំវិញពិភពលោកកំពុងប្រកាសពីខាតបង់នឹងកាត់បន្ថយបុគ្គលិក។ តាមរយៈការរំពឹងទុកសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ Spotify នឹងឈានដល់កំណើនអ្នកប្រើប្រាស់សរុប ៦១៨លាននាក់ ខណៈដែលអតិថិជនបង់ប្រាក់ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៣លាននាក់ ហើយត្រឹមឆ្នាំ២០៣០ ខាងមុខកម្មវិធីនេះ នឹងកើនឡើងអ្នកប្រើប្រាស់ដល់ ១ពាន់លាននាក់ឯណោះ៕

ដកស្រង់ពី៖Fresh New