បណ្តាញសង្គម

មួយថ្ងៃ​ មុន​បើកឡានចេញដំណើរកម្សាន្ត តើត្រូវធ្វើតេស្តឡានអ្វីខ្លះ?

ប្រសិនបើលោកអ្នកមានគម្រោង និងកំណត់ថ្ងៃច្បាស់លាស់ធ្វើដំណើរកម្សាន្តទៅលេងទីជិតទីឆ្ងាយហើយ លោកអ្នកគួរតែធ្វើតេស្តរថយន្តមួយថ្ងៃមុនចេញដំណើរ ក្រែងលោឃើញមានបញ្ហាអ្វីមិនស្រួល គឺអាចយកទៅហ្គារ៉ាស់ជួសជុលទាន់ពេល។

អ្វីដែលត្រូវធ្វើដំបូងនោះ គឺពិនិត្យមើលសភាពសំបកកង់ និងបើកគម្របម៉ាស៊ីន ដើម្បីមើលកម្រិតប្រេងម៉ាស៊ីន ទឹកស្អំ ប្រេងបូមចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង សភាពអាគុយ អ៊ែរម៉ាស៊ីន និងទឹកបាញ់កញ្ចក់ជាដើម ក៏ដូចជាសង្កេតមើលការដាច់ខ្សែ លេចជ្រាបឬលេចធ្លាយកន្លែងណាមួយ។ បើមិនមានបញ្ហាអ្វីទេ បន្ទាប់មកគឺបញ្ឆេះរថយន្តដើម្បីដឹងច្បាស់ថា មានបញ្ហានៃការដេរបញ្ឆេះរថយន្តឬអត់។

មើលកុងទ័រថាតើមានគាំងទ្រនិចណាមួយឬអត់ និងមានចេញសញ្ញា Check ឬអត់ មើលកម្រិតសាំង ធ្វើតេស្តបើកចង្កៀង ភ្លើងហ្វ្រាំង និងស៊ីញ៉ូឆ្វេងស្តាំមុខក្រោយ ដំណើរការផ្លិតទឹក និងបាញ់ទឹក ស៊ីផ្លេ ប៊ុតុងចុចកញ្ចក់ និងចាក់សោ ក៏ដូចជាការសារ៉េកញ្ចក់មើលក្រោយសងខាងជាដើម។

ក្រៅពីនេះ ក៏ត្រូវត្រួតពិនិត្យម៉ាស៊ីនត្រជាក់ ដូចជាធុំក្លិនចម្លែក ឬមិនសូវត្រជាក់ជាដើម។ តមកទៀត គឺលោកអ្នកគួរបើករថយន្តសាកល្បងបន្តិច ដើម្បីស្ទាបស្ទង់បញ្ហាផ្សេងៗដូចជា ហ្វ្រាំងថាតើជាន់ស៊ីឬអត់ ឆេះញាក់ និងមានសំឡេងលាន់ខុសធម្មតាឬអត់ ក៏ដូចជាត្រូវចាប់អារម្មណ៍លើប្រព័ន្ធជើងក្រោមផងដែរ៕

ដកស្រង់ពី៖Sabay