បណ្តាញសង្គម

មូលហេតុពិតពីក្រោយការនិយមផលិតវីដេអូប្រៀបធៀបតម្លៃរបស់ Content Creator ល្បីឈ្មោះ ពេជ្រ ពិសី

ជឿជាក់ថា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកនិយមលេងកម្មវិធី Tik Tok ពិតជាស្គាល់ Content Creator កញ្ញា ពេជ្រ ពិសី ដែលនាងជាអ្នកផលិតវីដេអូល្បីឈ្មោះម្នាក់ ក្នុងចំណោម Content Creator ល្បីៗនៅកម្ពុជា។

តាមការកត់សម្គាល់ ពិសី ចូលចិត្តផលិតវីដេអូបង្ហាញពីដំណើរកម្សាន្ត ការងារសប្បុរសធម៌ តិចនិកថែរក្សាសម្រស់ រួមទាំងតិចនិកក្នុងការចាយវាយលុយកាក់ លក្ខណៈបែបសប្បាយៗ ដើម្បីជាការកម្សន្តអារម្មណ៍សម្រាប់អ្នកទស្សនា។ ប៉ុន្តែ ក្នុងវីដេអូរបស់នាងតែងរំលេចអត្ថន័យបង្កប់ និងការអប់រំដល់ការរស់នៅប្រចាំថ្ងៃផងដែរ ហេតុដូច្នេះហើយទើបនាងក្តោបប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស។ ពិសេស វីដេអូបង្ហាញពីការប្រៀបធៀបតម្លៃ និងសេវាកម្ម រវាងរបស់ថោក និងថ្លៃ ធ្វើឱ្យគេស្គាល់នាងកាន់តែច្រើនឡើង រហូតគ្រប់គ្នាចាត់ទុកថា នាងជាអ្នកផលិតមាតិកាប្រយោជន៍សម្រាប់សង្គម។

ផ្តល់បទសម្ភាសន៍ក្នុងថ្ងៃសម្ភោធកម្មវិធី ស៊ីយូខេមបូឌា ពិសី ថា មកទល់ពេលនេះរយៈពេលជិត ៤ ឆ្នាំហើយដែលនាងក្លាយជាអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមហ្វេសប៊ុក។ ទស្សនៈវិស័យរបស់នាង គឺចង់បង្ហាញពីឱ្យគ្រប់គ្នាបានឃើញទិដ្ឋភាពស្អាតៗ ប្លែកៗ និងបានស្គាល់នូវកន្លែងដែលនាងបានទៅដល់ ហើយការដែលនាងចូលចិត្តផលិតវីដេអូប្រៀបធៀបតម្លៃរវាងរបស់ថោក និងថ្លៃ គឺដោយសារនាងជាមនុស្សចូលចិត្តញ៉ាំរបស់គេលក់នៅតាមផ្លូវ ដែលធូរថ្លៃ ហើយថែមទាំងឆ្ញាញ់ទៀត ដូចនេះទើបចង់ចែករំលែកបទពិសោធន៍របស់ខ្លួនទៅអ្នកគ្រប់គ្នា ដើម្បីអនុវត្តទៅហើយចំនេញដូចគ្នាដែរ។

Infulencer ធ្មេញជំពើសរូបនេះថា ទោះបីរវល់ច្រើនក៏នាងឆ្លៀតពេលផលិតវីដេអូឱ្យបាន ព្រោះការផលិតវីដេអូធ្វើឱ្យនាងមានក្តីសុខ។ ដូច្នេះនាងសង្ឃឹមថា តាមរយៈវីដេអូទាំងអស់នេះ នឹងជួយជាប្រយោជន៍ដល់អ្នកគ្រប់គ្នាសម្រាប់ការរស់នៅប្រចាំ ក៏ដូចជាចូលរួមចំណែកក្នុងការបណ្តុះគំនិតការងារសប្បុរសធម៌៎ក្នុងសង្គមជាតិរបស់យើងផងដែរ៕

ដកស្រង់ពី៖Sabay